ការបំពុលទឹក សំរាម និងសីតុណ្ហភាពហក់ឡើងខ្ពស់ កំពុងបង្កឱ្យមានការកើនឡើងជំងឺស្បែក នៅតំបន់ហ្កាហ្សាស្ទ្រីប។ ដោយមានគ្រួសារភៀសខ្លួនស្ថិតនៅក្នុងភាពចង្អៀតនៅសាលារៀន និងទីជម្រក និងការខ្វះទឹកស្អាត កុមារនិងមនុស្សធំ ដូចគ្នាបានបង្ហាញសញ្ញានៃជំងឺ និងការធ្លាក់ខ្លួនឈឺ ដែលក្រុមគ្រូពេទ្យនិយាយថា ស្ទើរតែពុំអាចព្យាបាលបាន ដោយសារកង្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។
លោកវេជ្ជបណ្ឌិត Wissam Al-Sakani អ្នកនាំពាក្យមន្ទីរពេទ្យ Kamal Adwan បាននិយាយទៅកាន់សារព័ត៌មានប្រាប់រ៉យទ័រថា យើងកំពុងប្រឈមមុខទៅនឹងមហន្តរាយខ្លាំង ប្រសិនបើអង្គការធំៗ និងអង្គការសុខភាពពិភពលោក មិនធ្វើអន្តរាគមន៍ទេនោះ។
ជាមួយគ្នានេះ លូទឹកស្អុយកំពុងរួមចំណែកដល់ការរាលដាលជំងឺជាច្រើន រួមទាំងជំងឺស្វិតដៃជើង។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសពីការរីករាលដាលជំងឺស្វិតដៃជើងនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនកាលពីខែមុន ដោយបានដាក់កំហុសលើការវាយលុកដោយយោធាដែលកំពុងបន្តរបស់អ៊ីស្រាអែល។
អង្គការសុខភាពពិភពលោក បាននិយាយថា ខណៈមិនទាន់មានករណីពិនិត្យណាមួយត្រូវបានរកឃើញ រហូតមកដល់ពេលនេះ ជំងឺស្វិតដៃជើង ត្រូវបានរកឃើញកើតចេញពីទឹកសំអុយនៅក្នុងក្រុង Deir al-Balah និងទីក្រុង Khan Younis តំបន់ហ្កាហ្សា ហើយតំបន់ហ្កាហ្សា បានកត់ត្រាករណីកន្ទួលលើស្បែកចំនួន ៧០.០០០ករណី បណ្តាលមកពីទឹកស្អុយហូរហៀរ និង ទឹកកខ្វក់ ព្រមទាំងការរស់នៅក្នុងភាពចង្អៀតណែន។