សិស្សសាលា ប៊ែលធី អន្តរជាតិ បានក្លាយជាជើងឯក ក្នុងការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ រីឯជ័យលាភីលេខពីរបានទៅក្រុមសិស្សមកពី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី។
ការប្រកួតជជែកដេញដោលយុវជន ថ្នាក់ជាតិ ឆ្នាំ២០២៤ បានឈានដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។ វគ្គផ្ដាច់ព្រ័ត ធ្វើឡើងលើប្រធានបទ «ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»។ ការប្រកួតនេះក្រុមស្រប គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី។ រីឯក្រុមបដិសេធ ជាសិស្សមកពីសាលាប៊ែលធីអន្តរជាតិ។
ក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ជ័យលាភីលេខ១ បានទៅក្រុមសិស្សមកពីសាលា ប៊ែលធី អន្តរជាតិ រីឯសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ទទួលបានចំណាត់ថ្នាក់លេខ២។ លទ្ធផលទទួលបានពីការវាយតម្លៃ របស់ក្រុមគណៈមេប្រយោគ ដែលជាអ្នកជំនាញ។
បន្ទាប់ពីទទួលជ័យលាភី ក្រុមសិស្សសាលា ប៊ែលធី បង្ហាញក្ដីរីករាយជាខ្លាំង ដែលក្រុមខ្លួនអាចសម្រេចបាន។ ជ័យលាភីនេះ ក៏ជាជ័យលាភីលើកទី១ សម្រាប់សាលាផងដែរ ដោយកន្លងទៅសាលារបស់ពួកគេ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ប៉ុណ្ណោះ។ ពួកគេក៏សូមសំណូមពរឱ្យយុវជនថ្នាក់ទី១១ ទូទាំងប្រទេស ចូលរួមក្នុងការប្រកួតនេះ ដើម្បីក្រេបយកចំណេះដឹង និងទទួលបានបទពិសោធន៍ និងការបណ្ដុះបណ្ដាលជាច្រើន។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃក្រសួងអប់រំ លើកឡើងដែរថា ការចូលរួមក្នុងការប្រកួតប្រជែងនេះ ជាភាពចាំបាច់មួយដែល បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជនលើសពីប្រាក់រង្វាន់។ បេក្ខជន គឺទទួលបានការបណ្ដុះបណ្ដាល ទទួលបានភាពក្លាហាន ទទួលបានការទំនាក់ទំនងសង្គម និងទទួលបានបទពិសោធន៍ជាច្រើន ដែលជាដើមទុនសម្រាប់ពេលអនាគត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានកោតសសើរចំពោះសមត្ថភាពរបស់ក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកទឹកចិត្តឱ្យក្រុមទាំងពីរ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំសិក្សា ដើម្បីក្លាយជាធនធានសម្រាប់អនាគតកម្ពុជា។
សូមជម្រាបថា ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាព្រឹត្តិការប្រកួតប្រចាំឆ្នាំ ដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជាប្រចាំឆ្នាំ។ ការប្រកួតនេះ សម្រាប់សិស្សកម្រិតថ្នាក់ទី១១ ទាំងសិស្សសាលារដ្ឋ និងសិស្សសាលាឯកជន។ ការប្រកួតនៅក្នុងឆ្នាំ ២០២៤នេះ ក្រុមជ័យលាភីឆ្លងកាត់ ៣១ ប្រកួត ដែលចំណាយពេលរហូតដល់ ៨ខែ៕ អត្ថបទ៖ គឹម ហុក