ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល លោក Muhammad Yunus បានទៅដល់ប្រទេសបង់ក្លាដែសហើយ នៅមុនពេលស្បថចូលកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ។
បុរសវ័យ ៨៤ឆ្នាំ បានធ្វើដំណើរទៅដល់ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រី Sheikh Hasina ជាស្ត្រីដែលបានគ្រប់គ្រងប្រទេសបង់ក្លាដែសដោយកណ្តាប់ដៃដែកអស់រយៈពេល ១៥ឆ្នាំ បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា។
លោកស្រី Hasina បានលាលែងពីតំណែង បន្ទាប់ពីការតវ៉ាដែលដឹកនាំដោយនិស្សិតជាច្រើនសប្តាហ៍ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់រាប់រយនាក់ បានឡើងកម្ដៅខ្លាំងទៅៗ រហូតឈានដល់ការអំពាវនាវឲ្យលោកស្រីចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។
នេះជាការទាមទារមួយ ក្នុងចំណោមការទាមទាររបស់និស្សិត ដែលស្នើឲ្យសាស្រ្តាចារ្យ លោក Yunus ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដោយសង្ឃឹមថា បុគ្គលដែលត្រូវបានគេហៅថាធនាគារិក សម្រាប់ជនក្រីក្រ នឹងជួយឲ្យប្រទេសបង់ក្លាដែសមានលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងតាមបែបផ្ដាច់ការរយៈពេលជាច្រើនឆ្នាំ។
គួរបញ្ជាក់ថា ការសម្រេចតែងតាំងលោកសាស្ត្រាចារ្យ Yunus ជាប្រធានទីប្រឹក្សានៃរដ្ឋាភិបាលបណ្ដោះអាសន្ន បានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងប្រធានាធិបតី លោក Mohammed Shahabuddin មេដឹកនាំយោធា និងមេដឹកនាំនិស្សិត៕