អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានតែងតាំងលោក Mohammad Hasan Akhund ដែលជាមនុស្សជិតស្និទ្ធរបស់ស្ថាបនិកចលនានេះគឺលោក Mullah Omar ជាប្រមុខរដ្ឋាភិបាលចាំផ្ទះថ្មីរបស់អាហ្វហ្គានីស្ថាន ប៉ុន្មានសប្តាហ៍បន្ទាប់ពីបានគ្រប់គ្រងប្រទេសនៅក្នុងការវាយលុកយ៉ាងឆាប់រហ័ស។

តារាងឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីដែលបានប្រកាសដោយប្រធានអ្នកនាំពាក្យលោក Zabihullah Mujahid កាលពីថ្ងៃអង្គារភាគច្រើនជាសមាជិកឆ្មាំចាស់ៗរបស់ក្រុមនេះ ដោយមិនមានស្ត្រីណាម្នាក់ត្រូវបានរាប់បញ្ចូលនោះទេ។ លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ខណៈលោក Sirajuddin Haqqani កូនប្រុសរបស់ស្ថាបនិក Haqqani Network ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក Mullah Mohammad Yaqoob ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។ លោក Hedayatullah Badri នឹងកាន់តំណែងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងហិរញ្ញវត្ថុ ខណៈលោក Amir Khan Muttaqi ដែលជាអ្នកចរចាតំណាងឲ្យក្រុមតាលីបង់នៅក្នុងទីក្រុងដូហា (Doha) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ លោកនាយករដ្ឋមន្ត្រីស្តីទី Akhund ស្ថិតនៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន