នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះរូបភាពវីដេអូឃ្លីបបង្ហាញពីការបំផ្លាញរថក្រោះ Bradleyផ្គត់ផ្គង់ដោយអាមេរិក និងរថក្រោះផ្សេងទៀតរបស់អ៊ុយក្រែននៅតំបន់ Kursk ដោយប្រើប្រាស់យានដ្រូនវាយប្រហារ Lancet ។
កងកម្លាំងរុស្ស៊ី កំពុងធ្វើធ្វើសង្រ្គាមជាមួយទាហានអ៊ុយក្រែន សម្រាប់ថ្ងៃទី ៣នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពួកគេវាយប្រហារឆ្លងព្រំដែនរុស្ស៊ីចូលតំបន់ Kursk គឺជាការវាយប្រហារមួយបង្ខំឲ្យទីក្រុងម៉ូស្គូ ប្រកាសឲ្យត្រៀមខ្លួន ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីរុស្ស៊ី បានឲ្យដឹងថា ស្ថិតក្នុងចំណោមការវាយប្រហារធំបំផុតរបស់អ៊ុយក្រែនលើរុស្ស៊ី ក្នុងសង្រ្គាមរយៈពេល ២ឆ្នាំកន្លងមកនេះ ទាហានអ៊ុយក្រែនប្រហែល ១ពាន់នាក់ បានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីព្រឹកថ្ងៃទី ៦ ខែសីហា ជាមួយរថក្រោះ និងរថពាសដែក វាយប្រហារតាមអាកាសរបស់យានដ្រូន និងការផ្លោងគ្រាប់កាំភ្លើងធំ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាត់ទុកការវាយប្រហារនេះ ថាជាការបង្ករឿងធំ ខណៈសេតវិមាននិយាយថា សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំបានដឹងមុនពីការវាយប្រហារមួយនេះឡើយ ហើយពួកគេនឹងស្វែងរកសេចក្តីលម្អិតបន្ថែមទៀតពីទីក្រុងគីវ ៕