បាល់ទាត់៖ ខ្សែបម្រើប្រយុទ្ធអង់គ្លេស Jesse Lingard បានបដិសេធសំណើកិច្ចសន្យាថ្មីពី Manchester United ដោយគិតថា ខ្លួននឹងមិនបានលេងទៀងទាត់ឡើយរដូវកាលនេះ។ ការមកដល់របស់ Cristiano Ronaldo គឺជាបញ្ហាចំបងដែលនឹងធ្វើឱ្យកីឡាករវ័យ ២៨ឆ្នាំរូបនេះអង្គុយនៅកៅអីបំរុង។
Jesse Lingard ទើបតែស៊ុតបញ្ចូលទី ២គ្រាប់ឱ្យក្រុមជំរើសជាតិអង់គ្លេសយកឈ្នះអង់ដូរ៉ា ៥-០ វគ្គជំរុះ World Cup ចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្នុងលក្ខខណ្ឌខ្ចីនៅ West Ham រដូវកាលកន្លងទៅ។ កិច្ចសន្យារបស់ Jesse Lingard នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះហើយ។ ក្នុងពេលទីផ្សារដោះដូរកីឡាករកន្លងមក Lingard ក៏ទទួលបានសំណើទិញពី West Ham ផងដែរតែនិយាយថ្លៃមិនត្រូវគ្នា។ រដូវកាលថ្មីនេះ Jesse Lingard បង្ហាញខ្លួនបានត្រឹម ៤នាទីប៉ុណ្ណោះនៅ English Premier League ដែលជាកីឡាករបម្រុងផ្លាស់ប្តូរចូលពេលជួប Southampton ខែមុន៕
អត្ថបទ៖នាង សុភាវុធ