លោក Dmitry Medvedev គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងជាអតីតប្រធានាធិបតីរុស្ស៊ី និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី ត្រូវតែបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុង Odesa, Kharkiv, Dnipro, Mykolayiv, Kyiv និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ។
នៅក្នុងសេចក្តីអត្ថាធិប្បាយលើការវាយលុករបស់អ៊ុយក្រែននៅតំបន់ Kursk របស់រុស្ស៊ី លោក Medvedev និយាយថា ប្រតិបត្តិការសឹករបស់ទីក្រុងម៉ូស្គូ គួរតែលែងមានគោលដៅត្រឹមតែជាការដណ្តើមយកទឹកដីដែលទីក្រុងម៉ូស្គូគិតថាជារបស់ខ្លួន ហើយរុស្ស៊ីនឹងបញ្ឈប់ការរុលទៅមុខរបស់ពួកគេ នៅពេលណាដែលពួកគេយល់ឃើញថាវាមានអត្ថប្រយោជន៍ក្នុងការធ្វើបែបហ្នឹង ។
លោកថា ពួកយើងនឹងឈប់នៅពេលណាពួកយើងយល់ឃើញថាវាអាចទទួលយកបាន និងផ្តល់អត្ថប្រយោជន៍ដល់ខ្លួនឯង ។
ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk របស់រុស្ស៊ី គឺជាការបង្ករឿងធំ ។
លោកថា ពួកយើងត្រូវតែចាប់ផ្តើមជាមួយហេតុការណ៍នៅតំបន់ Kursk ។ ដូចអ្នកដឹងស្រាប់ហើយថា របបក្រុងគីវ បានបង្ករឿងធំមួយទៀតហើយ គឺការផ្លោងគ្រាប់កាំភ្លើងធំដោយគ្មានញញើតដៃលើអគារស៊ីវិល អគារអ្នកស្រុក រថយន្តគិលានសង្រ្គោះ ៕