លោកស្រី Faiza Rahem គិតដល់ស្វាមីរបស់លោកស្រី គឺលោក Issam Chebbi ជាអ្នកនយោបាយដែលត្រូវបានឃុំខ្លួនអស់រយៈពេល ១ឆ្នាំ ដោយគ្មានឆ្លងកាត់ការកាត់ទោស និងដែលការប៉ុនប៉ងប្រជែងតំណែងប្រធានាធិបតី ត្រូវបានរារាំង ដោយសារតែការបដិសេធរបស់អាជ្ញាធរមិនផ្តល់លិខិតសិទ្ធអំណាច សម្រាប់ដំណើរការប្រមូលការគាំទ្រ។
បណ្ដាឥស្សរជនប្រឆាំង និងក្រុមសិទ្ធិមនុស្ស ចោទរដ្ឋាភិបាលថា បានប្រើយុទ្ធសាស្ត្របំភិតបំភ័យ នៅមុនការបោះឆ្នោតថ្ងៃទី៦ តុលារបស់ប្រទេសទុយនីស៊ី។
ដោយកាលបរិច្ឆេទនៃការចុះឈ្មោះបេក្ខជន បានកន្លងផុតទៅ បេក្ខជនចំនួន ១៧នាក់ ក្នុងនោះរួមទាំងប្រធានាធិបតី លោក Kais Saied បានដាក់ពាក្យឈរឈ្មោះ។ លោក Saied ដែលបានគ្រប់គ្រងប្រទេសដោយក្រឹត្យ ចាប់តាំងពីការរំលាយសភា នៅឆ្នាំ២០២១ ស្វែងរកអាណត្តិមួយទៀត។
បេក្ខជនផ្សេងទៀត ដូចជាលោក Zouhair Maghzaoui និងលោក Safi Said ជាដើម បង្ហាញការខកចិត្តរបស់ពួកគេ ចំពោះលក្ខខណ្ឌបោះឆ្នោតដ៏លំបាក និងតឹងរ៉ឹង។
គួរបញ្ជាក់ថា ដើម្បីឈរឈ្មោះ បេក្ខជនតម្រូវឲ្យប្រមូលសំឡេងគាំទ្រចំនួន ១០សំឡេងពីសមាជិកសភាតំណាងរាស្រ្តរបស់ប្រជាជាន ឬចំនួនដូចគ្នាពីក្រុមប្រឹក្សាតំបន់ និងស្រុក ឬការយល់ព្រមគាំទ្រ ៤០សំឡេងពីប្រធានក្រុមប្រឹក្សាមូលដ្ឋាន តំបន់ ឬក្រុង ឬ ១០.០០០សំឡេង ពីមណ្ឌលបោះឆ្នោតចំនួន ១០ ដោយមានអ្នកបោះឆ្នោតមិនតិចជាង ៥០០នាក់ នៅតាមមណ្ឌលនីមួយៗ៕