
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធរុស្ស៊ី បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន តាមរយៈការចូលរួមក្នុងកិច្ចប្រជុំអាស៊ានប្រចាំឆ្នាំ និងបានជួបពិភាក្សាជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្រៅពីកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសជាប្រធានអាស៊ានប្តូរវេន ។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ីជាមួយនឹងអាស៊ាននេះដែរ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានបើកធ្វើសន្និសីទសង្ខេប នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤នេះ ស្តីអំពីគោលនយោបាយការបរទេសរបស់ប្រទេសរុស្ស៊ី រួមទាំងបច្ចុប្បន្នភាពនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។

លោក Rafael Langareev មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានអោយដឹងថា កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកក្កដាកន្លងទៅ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំអាស៊ានប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងប្រទេសវៀតណាម ។
លោក Rafael Langareev បានបន្តថា ក្រៅពីកិច្ចប្រជុំអាស៊ាន លោក Sergey Lavrov បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជារដ្ឋមន្ត្រីការបរទេសមកពីប្រទេសព្រុយណេ កម្ពុជា ចិន ទីម័រខាងកើត ឥណ្ឌូនេស៊ី ឡាវ ទូរគី និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសកូរ៉េខាងត្បូង ។
ការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន គឺត្រូវបានធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងប្រទេសរុស្ស៊ី និងអាស៊ាន រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ៕
