ក្រុមអាជ្ញាធរអូទ្រីស និយាយថា មនុស្ស ២នាក់ ដែលសង្ស័យរៀបចំគម្រោងវាយប្រហារភេរវកម្មនៅទីក្រុងវីយែន ត្រូវបានឃាត់ខ្លួន រយៈពេលប៉ុន្មានម៉ោងមុនពេលការប្រគុំតន្រ្តី រយៈពេល ៣ថ្ងៃរបស់តារាចម្រៀងស្រី Taylor Swift នៅក្នុងសប្តាហ៍នេះ ត្រូវបានលុបចោល គឺនៅមុនពេលរដ្ឋាភិបាលបញ្ជាក់ពីការវាយប្រហារគ្រោងទុកនៅក្នុងពហុកីឡដ្ឋាន ។

លោក Franz Ruf គឺជាអគ្គនាយកទទួលបន្ទុកសន្តិសុខសាធារណៈនៅក្រសួងមហាផ្ទៃអូទ្រីស និយាយថា បុរសជនជាតិអូទ្រីសវ័យ ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Ternitz ពាក់ព័ន្ធនឹងការចាប់ខ្លួនមនុស្សម្នាក់នៅទីក្រុងវីយែន ។
លោកបន្តថា ការស៊ើបអង្កេត បានរកឃើញថា ជនសង្ស័យទាំង ២នេះ បានធ្វើមូលវិវដ្ដនិយមនៅលើប្រព័ន្ធអ៊ិនធឺណិត ក្នុងនោះបុរសវ័យ ១៩ឆ្នាំ បានស្បថភក្តីភាពចំពោះមេដឹកនាំរដ្ឋអ៊ីស្លាមកាលពីដើមខែកក្កដា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគុំតន្រ្តីរយៈពេល ៣ថ្ងៃ ដែលជាផ្នែកមួយនៃតន្ត្រីទេសចរណ៍ Eras tour របស់កំពូលតារាចម្រៀងប៉ុប Taylor Swift នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍នេះ នៅឯកីឡដ្ឋាន Ernst Happel ដោយមន្ត្រីនគរបាលរំពឹងថានឹងមានអ្នកចូលរួមប្រហែល ៦៥.០០០នាក់ក្នុងមួយថ្ងៃ ៕