ភ្នំពេញ ៖ បណ្តាគណបក្សនយោបាយនានានៅកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចេញ្ញត្តិថ្កោលទោសជាបន្តបន្ទាប់ដោយដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានធ្វើការញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់តាមរយៈធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស។
តាមរយៈញ្ញត្តិថ្កោលទោសរបស់បណ្តាគណបក្សនយោបាយនានា ដែលបានចេញដាច់ដោយឡែកពីគ្នា នាថ្ងៃនេះ បានលើកឡើងថា ការញុះញង់របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី គឺជាការព្យាយាមញុះញង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅស្លាប់រាប់រយនាក់ក្នុងបាតុកម្មហឹង្សាដូចប្រទេសបង់ក្លាដេស ហើយបណ្តាគណបក្សទាំងនោះបានចាត់ទុកថា ទង្វើរបស់ជននេះ គឺមានចេតនាបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។
តាមរយៈញ្ញតិ្តថ្កោលទោសនេះ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ផេកផ្លូវការណ៍របស់ទណ្ឌិត សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយវីដេអូដែលមានរយៈ ពេល១នាទី១៣វិនាទី បានបញ្ជាក់ថា បាតុកម្មនាប្រទេសបង់ក្លាដេស គឺមានបាតុករជាង៣០០នាក់ត្រូវស្លាប់រហូតទើបធ្វើឲ្យរដ្ឋាភិបាលបង់ក្លាដេសអាណិតប្រជាពលរដ្ឋខ្លួនសម្រេចនាំមេដឹកនាំប្រទេសចាកចេញពីប្រទេស ហើយនៅទីបំផុតក្រុមបាតុករក៏បានជោគជ័យ។ ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី នេះគឺមានលក្ខណៈញុះញង់ ប៉ះបំបោរចង់ផ្ដួលរលំរាជារដ្ឋាភិបាលស្របច្បាប់ ចង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅធ្វើបាតុកម្មហឹង្សាស្លាប់ឲ្យបានច្រើនរយនាក់ដូចប្រទេសបង់ក្លាដេស។
បណ្តាគណបក្សនយោបាយទាំងនោះបានយល់ឃើញថានេះគឺជាទង្វើដ៏អាក្រក់បំផុតដែលរូបទណ្ឌិត សម រង្ស៊ី បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាមញុះញង់អូសទាញពលរដ្ឋឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ ពួកគេបានបន្ថែមថា«អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិត សម រង្ស៊ី តែងបានបំផុសបំផុលញុះញង់ពលរដ្ឋគ្រប់រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ»។
គណបក្សនយោបាយទាំងនោះបានប្រកាសថា« សូមថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី និងបុគ្គលអ្នកនយោបាយទាំងឡាយណាដែលព្យាយាមញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន និងសូមអំពាវដល់បងប្អូនខ្មែរទូទាំងប្រទេស សូមកុំជឿ និងលុងអ្នកនយោបាយណាមួយដែលអូសទាញឲ្យបងប្អូនទាំងអស់ឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ និងសូមចាត់ទុកបុគ្គលទណ្ឌិត សម រង្ស៊ី ថាជាជនបំផ្លាញ ជាតិសាសន៍ ដែលច្បាប់មិនគួរត្រូវលើកលែងជាដាច់ខាត»។
ជាមួយគ្នានោះដែរបណ្តាគណបក្សនយោបាយទាំងនោះ បានប្រកាសសូមប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមទាំងឡាយណា ដែលធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុង ដើម្បីបម្រើនយោបាយឱ្យបរទេស ឈ្លានពាន ជាមួយភាពទុច្ចរិតក្នុងការប៉ុនប៉ងដណ្ដើមអំណាចស្របច្បាប់របស់កម្ពុជា គឺត្រូវតែកម្ចាត់ជនទាំងឡាយនោះ ឱ្យបានជាដាច់ខាត និងសូមប្រកាសចូលរួមចំណែកការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តតាមច្បាប់គណបក្សនយោបាយនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ បាន ចក់



