អភិបាលរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាលោក Pinarayi Vijayan និយាយថា ចំនួនអ្នកស្លាប់ដោយបំណាក់ដីនៅស្រុក Wayanad បានកើនឡើងដល់ ២២៤នាក់ ស្របពេលដែលក្រុមជួយសង្រ្គោះនៅតែបន្តស្វែងរកសាកសពមនុស្សបាត់ខ្លួន ។
ទាហានឥណ្ឌា ប្រើប្រាស់សុនខហិតក្លិន ដើម្បីរុករកសាកសពដែលជាប់ក្រោមគម្ទេចកម្ទី ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីក្នុងតំបន់ បានដាក់សារធាតុក្លរទៅក្នុងអណ្តូងជាច្រើនកន្លែងជាវិធានការបង្ការទុកជាមុន ដើម្បីការពារការរីករាលដាលឆ្លងជំងឺ ។
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋតំបន់ឆ្នេរភាគខាងត្បូង Kerala ដែលស្ថិតនៅក្នុងចំណោមរដ្ឋគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ឥណ្ឌានោះ នាំឲ្យមានបំណាក់ដីនៅស្រុក Wayanad ធ្វើឲ្យគំនរដីកប់ពន្លិចមនុស្សរហូតដល់ស្លាប់ ខណៈពួកគេកំពុងដេកលង់លក់ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្សជិត ១.៦០០នាក់ ត្រូវបានជួយសង្រ្គោះចេញពីភូមិនៅតាមជើងភ្នំ ហើយផ្ទះសម្បែងប្រជាពលរដ្ឋជិត ៣៥០ខ្នង បានរងផលប៉ះពាល់ដោយសារបំណាក់ដី ៕