នគរបាលបានប៉ះទង្គិចជាមួយអ្នកតវ៉ា នៅខាងក្រៅច្រកចូលរបស់សភាកាតាឡាន់ នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) នេះ ខណៈដែលសមាជិកសភាបានចាប់ផ្តើមការជជែកដេញដោលប្រគល់អំណាច ដោយគ្មានវត្តមានរបស់លោក Carles Puigdemont ជាមេដឹកនាំផ្តាច់ខ្លួន ដែលបានត្រឡប់ចូលតំបន់នេះវិញ ទោះបីជាមានដីកាចាប់ខ្លួនក៏ដោយ បន្ទាប់ពីរស់នៅនិរទេសខ្លួនរយៈពេល ៧ឆ្នាំ។
នៅមុននោះ លោក Puigdemont បាននិយាយទៅកាន់អ្នកគាំទ្រ បន្ទាប់មកបានបាត់ខ្លួន ដោយរត់គេចពីនគរបាល។ ចំណែកការជជែកដេញដោល ដើម្បីស្បថចូលកាន់តំណែងរបស់អ្នកសង្គមនិយម លោក Salvador Illa ជាប្រធានាធិបតីថ្មីរបស់តំបន់កាតាឡាន់ ដែលបញ្ចប់រយៈពេល ១ទសវត្សរ៍នៃការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួន បានចាប់ផ្តើមក្នុងស្ថានភាពមិនច្បាស់លាស់ និងពាក្យចចាមអារ៉ាមអំពីទីកន្លែងលាក់ខ្លួនរបស់លោក Puigdemont និងអំពីរបៀបដែលលោកអាចបាត់ខ្លួនបានទាំងមើលឃើញដោយភ្នែកយ៉ាងច្បាស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃតំបន់កាតាឡាន់ បានបញ្ជាក់ថា លោក Puigdemont បានគេចពីការចាប់ខ្លួន។ លោក Puigdemont វ័យ ៦១ឆ្នាំ បានភៀសខ្លួនទៅប្រទេសបែលហ្ស៊ិក កាលពី ៧ឆ្នាំមុន បន្ទាប់ពីការប៉ុនប៉ងផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ បរាជ័យ ហើយបានរស់និរទេសខ្លួន ចាប់តាំងពីពេលនោះមក។ ឥឡូវនេះ រូបលោកទំនងជាអាចត្រូវបានឃុំខ្លួនតាមដីកាចាប់ខ្លួនពីបទកេងបន្លំ ជាការចោទប្រកាន់ដែលរូបលោកបដិសេធ៕