ពលរដ្ឋជាជនមូស្លីមនៅទីក្រុងភាគខាងជើង Oldham របស់អង់គ្លេស លែងហ៊ានចេញក្រៅទៀតហើយ ស្របពេលដែលក្រុមនគរបាល ប្រឈមកុបកម្មប្រឆាំងជនមូស្លីម និងប្រឆាំងជនអន្តោប្រវេសន៍បន្ថែមទៀត ។
អង់គ្លេស រងផលប៉ះពាល់ដោយសារអំពើហិង្សាដែលបានផ្ទុះឡើងកាលពីដើមសប្តាហ៍មុន ក្រោយក្មេងស្រី ៣នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារដោយកំាបិតនៅទីក្រុង Southportស្ថិតនៅភាគពាយ័ព្យប្រទេសអង់គ្លេស បង្កឲ្យកើតមានរលកនៃការបង្ហោះសារមិនពិតតាមអនឡាញ ដែលផ្តល់អត្តសញ្ញាណពុំត្រឹមត្រូវថាឃាតករសង្ស័យ គឺជាជនអន្តោប្រវេសន៍អ៊ីស្លាម ។
ធុរកិច្ចនៅក្នុងសួនឧស្សាហកម្មស្ថិតក្នុងទីក្រុង Oldham ត្រូវបានបិទទ្វារកាលពីថ្ងៃពុធ ដោយសារក្តីកង្វល់ពីការខូចខាត ពេលដែលមជ្ឈមណ្ឌលប្រឹក្សាអន្តោប្រវេសន៍ក្នុងស្រុក ត្រូវបានគេរំពឹងនឹងក្លាយជាគោលដៅវាយប្រហារ ។
ក្រុមស្តាំនិយមជ្រុល មានគម្រោងវាយប្រហារមជ្ឈមណ្ឌលសិទ្ធិជ្រកកោន និងមេធាវីអន្តោប្រវេសន៍នៅទូទាំងប្រទេស ក្នុងនោះរដ្ឋាភិបាលបានសន្យាចាត់វិធានការភ្លាមៗ ដើម្បីដាក់ទោសនរណាម្នាក់ ជាប់ពាក់ព័ន្ធនឹងភាពចលាចលនេះ ។
លោក Jack Warburton គឺជាកម្មករក្នុងស្រុកមួយរូប និយាយប្រាប់ BBCថា មនុស្សខ្លាចខ្លាំងណាស់ ។ ពួកគេពុំហ៊ានចេញក្រៅផ្ទះឡើយ ។
ចំណែកឯលោក Mark Harrington គឺជាម្ចាស់ធុរកិច្ចមួយរូបដែលបានបិទហាងរបស់លោក និងអនុញ្ញាតឲ្យបុគ្គលិកទៅផ្ទះជាវិធានការបង្ការទុកជាមុននោះ និយាយថា ខ្ញុំគិតថា វាគឺជាការប្រកាន់ជាតិសាសន៍ ខ្ញុំគិតថា វាគឺជាចលនាប្រកាន់ជាតិសាសន៍ ៕