ប្រជាពលរដ្ឋបង់ក្លាដែស និយាយថា ពួកគេសង្ឃឹមថានឹងមានអនាគតភ្លឺស្វាងជាងមុន និងចង់ឲ្យបញ្ចប់នយោបាយដ៏អាក្រក់មួយនេះ ក្រោយពេលម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានទៅដល់ប្រទេសបង់ក្លាដែស នៅមុនពេលស្បថចូលកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ។
លោក Yunus វ័យ ៨៤ឆ្នាំ បានធ្វើដំណើរទៅដល់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Sheikh Hasina ជាស្ត្រីដែលបានគ្រប់គ្រងប្រទេសបង់ក្លាដែសដោយកណ្តាប់ដៃដែកអស់រយៈពេល ១៥ឆ្នាំ បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា ។
លោក Abu Sayed គឺជានិស្សិតមួយរូបរស់នៅទីក្រុងដាកា និយាយថា គំរូដែលមនុស្សជំនាន់ក្រោយបានបង្កើតឡើង ដើម្បីផ្តល់កំណើតថ្មីដល់ប្រទេសមួយនេះ ពួកយើងសង្ឃឹមថាលោក Yunus នឹងអាចបង្កើតប្រទេសរបស់ពួកយើងឡើងវិញបាន ។
ចំណែកឯលោក Mominul Haq Majumder គឺជាអ្នកលក់តែ និយាយថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងបញ្ចប់ភាពរំជើបរំជួលនយោបាយដ៏អាក្រក់នេះ ដើម្បីឲ្យវណ្ណៈកម្មករក្រីក្រ អាចរស់នៅដោយសុខក្សេមក្សាន្ត ។
ក្នុងនាមជាអ្នករិះគន់ឥតសំចែមាត់របស់លោកស្រី Hasina លោក Yunus បានធ្វើដំណើរមកដល់ទីក្រុងដាកា បន្ទាប់ពីទទួលការព្យាបាលនៅទីក្រុងប៉ារីស ប្រទេសបារាំង ពោលគឺក្រោយពីក្រុមបាតុករ គាំទ្រឲ្យរូបលោកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នដែលទទួលរ៉ាប់រងការងាររៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ៕