អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) នេះ បានលុបចោលការទទួលស្គាល់អ្នកការទូតន័រវ៉ែសចំនួន៨នាក់ដែលធ្វើការជាអ្នកតំណាងឲ្យអាជ្ញាធរប៉ាឡេស្ទីន ដោយនាំឲ្យមានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ពីរដ្ឋមន្ត្រីការបរទេសន័រវ៉ែសដែលបានហៅការធ្វើបែបនេះថា ជា «ទង្វើជ្រុលហួសហេតុ»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការសម្រេចលុបចោលឋានៈអ្នកការទូតនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកបានពណ៌នាថា ជាទង្វើប្រឆាំងអ៊ីស្រាអែលរបស់ន័រវ៉ែស ក្នុងនោះរួមទាំងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់ប្រទេសនេះផងដែរ។
លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសន័រវ៉ែសអនុវត្តនូវគោលនយោបាយលម្អៀងតែម្ខាង ជុំវិញបញ្ហាប៉ាឡេស្ទីន ហេតុដូច្នេះហើយនឹងត្រូវបានដកចេញពីបញ្ហាប៉ាឡេស្ទីននេះ»។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីការបរទេសន័រវ៉ែស លោក Espen Barth Eide បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឈ្លោះប្រកែកគ្នាខាងការទូតនេះ គឺកើតឡើងដោយសាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយឥឡូវនេះ ប្រទេសន័រវ៉ែសកំពុងពិចារណាអំពីការឆ្លើយតបរបស់ខ្លួន ចំពោះស្ថានភាពនេះ៕