នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបាននិយាយថា លទ្ធភាពនៃការរញ្ជួយដីដ៏ខ្លាំងក្លានៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងលិចប្រទេស បានកើនឡើងទាក់ទងនឹងលក្ខខណ្ឌធម្មតា បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នៅខេត្ត Miyazaki នារសៀលថ្ងៃនេះ ។
បន្ទាប់ពីការរញ្ជួយដីនៅរសៀលថ្ងៃនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានបើកការស៊ើបអង្កេតលើលទ្ធភាពនៃទំនាក់ទំនងជាមួយការរញ្ជួយដីដ៏មានសក្តានុពល Nankai Trough ដែលក្រុមអ្នកជំនាញ បានព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយថា វាអាចបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សច្រើន និងខូចខាតអចលនទ្រព្យទ្រង់ទ្រាយធំ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងលិចប្រទេសជប៉ុន ។
ទីភ្នាក់ងារបានចេញសេចក្តីជូនដំណឹង Nankai Trough Earthquake Extra Information របស់ខ្លួនជាលើកដំបូងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ។
សេចក្តីជូនដំណឹងអមរបស់រដ្ឋាភិបាល និយាយថា លទ្ធភាពនៃការរញ្ជួយដីទ្រង់ទ្រាយធំត្រូវបានចាត់ទុកថាមានកម្រិតខ្ពស់ជាងលក្ខខណ្ឌធម្មតា ។
យោងតាមទីភ្នាក់ងារ បានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងក្លា កើតឡើងរាល់ ១០០ឆ្នាំ ទៅ ១៥០ឆ្នាំ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងលិចប្រទេសជប៉ុន ។
ក្រុមអ្នកជំនាញនិយាយថា ការរញ្ជួយដី Nankai Trough អាចមានចាប់ពីកោះ Kyushu និងកោះ Osaka ហើយនិងខេត្ត Aichi រហូតដល់តំបន់ភាគខាងកើតជិតទីក្រុងតូក្យូ ដូចជាខេត្ត Shizuoka ហើយក្នុងពេលតែមួយនោះ វាមានកម្រិត ៩រ៉ិចទ័រ ។
យោងតាមការប៉ុនស្មានរបស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ ២០១២ បានឲ្យដឹងថា ការរញ្ជួយដីនេះ អាចនាំមានរលកយក្សស៊ូណាមិកម្ពស់ជាង ៣០ម៉ែត្រ និងបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សរហូតដល់ ៣២ម៉ឺននាក់ និងខាតបង់សេដ្ឋកិច្ចសរុប ២២០សែនកោដិយ៉េន(ស្មើនឹង ១,៥សែនកោដិដុល្លារ) ៕
