អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គម លោក យឿន យឿត បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ ដែលបានធ្វើការញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់តាមរយៈការធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស ហើយថាការញុះញង់របស់ជននេះជាទង្វើរមានចេតនាបំផ្លិតបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV តាមតេលេក្រាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោក យឿន យឿត បានលើកឡើងថា ការផ្សព្វផ្សាយតាមរយៈវីដេអូឃ្លីបរបស់ជនក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ ដើម្បីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើបាតុកម្មដូចប្រទេសបង់ក្លាដេសនោះ គឺមិនអាចទៅរួចនោះឡើយ ហើយថាការនិយាយរបស់ទណ្ឌិតរត់ចោលស្រុករូបនេះក៏ គ្មានបងប្អូនប្រជាពលរដ្ឋណាស្តាប់ និងធ្វើតាមតទៅទៀតដែរ ដោយសារតែជនធ្វើអ្វី និយាយអ្វីមិនដែល គិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំនោះទេ ពោលគឺគិតតែផលប្រយោជន៍ខ្លួនតាំងពីនៅស្រុក ខ្មែររហូតដល់រត់ចោលស្រុកនោះ។
លោកយឿន យឿត បានលើកឡើងទៀតថា នេះគឺជាទង្វើដ៏អាក្រក់បំផុតដែលជនក្បត់ជាតិបីជំនាន់រូបនេះបាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាមញុះញង់អូសទាញពលរដ្ឋឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិតរត់ចោលស្រុករូបនេះ តែងបានបំផុសបំផុលញុះញង់ពលរដ្ឋគ្រប់រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។
អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមរូបនេះ បានសង្កត់ធ្ងន់ថា«សូមថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី ដែលព្យាយាមញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ ដើម្បីតែបំពេញមហិច្ឆិតារបស់ខ្លួន ហើយក៏សូមអំពាវនាវផងដែរដល់បងប្អូនខ្មែរទាំងអស់ទាំងក្នុង និងក្រៅប្រទេសសូមកុំជឿ ចំពោះអ្នកនយោបាយដែលរត់ចោលស្រុកមួយនេះ ដែលព្យាយាមអូសទាញឲ្យបងប្អូនឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់សូមចាត់ទុកទណ្ឌិត សម រង្ស៊ី ថា ជាជនវង្វេងស្មារតី បំផ្លាញជាតិសាសន៍ខ្លួនឯងម្តងហើយម្តងទៀត»។
លោក យឿន យឿត ក៏បានប្រកាសប្ដេជ្ញាចិត្តផងដែរថា ក្នុងនាមជាកូនខ្មែរមួយរូប សូមចូលរួមទប់ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ដែលធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងម្តងហើយម្តងទៀត ដើម្បីតែបម្រើនយោបាយឱ្យបរទេស និងភាពច្រណែនឈ្នានីសរបស់ជននេះផងដែរ៕
អត្ថបទ បាន ចក់