បីថ្ងៃនៅក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ប្រទេសអ៊ុយក្រែនទៅលើតំបន់ ឃើស (Kursk) របស់រុស្ស៊ី លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងមូស្គូត្រូវតែមានអារម្មណ៍ថាទទួលបានផលវិបាកសម្រាប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយពុំបានសំដៅផ្ទាល់ទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនថា រុស្ស៊ីបាននាំយកសង្រ្គាមមកទឹកដីរបស់យើង ហើយគួរតែមានអារម្មណ៍ដឹងថាខ្លួនបានធ្វើអ្វីខ្លះ។
លោកបានបន្ថែមថា កងទ័ពអ៊ុយក្រែនដឹងពីរបៀបដើម្បីសម្រេចបានគោលដៅរបស់ពួកគេ។ ហើយយើងមិនបានជ្រើសរើសដើម្បីសម្រេចបាននូវគោលដៅរបស់យើងនៅក្នុងសង្រ្គាមនោះទេ។
រុស្ស៊ីនិយាយថា ទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ១.០០០នាក់ គាំទ្រដោយរថក្រោះ និងរថពាសដែក បានចូលទឹកដីរបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាការវាយលុកដ៏ធំបំផុតមួយក្នុងចំណោមការវាយលុកធំៗបំផុតជាច្រើនលើដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

ចំណែកក្រុមមន្ត្រីអ៊ុយក្រែនរក្សាភាពស្ងៀមស្ងាត់ចំពោះការវាយលុកនេះ។ ស្ថានភាពពិតប្រាកដនៅលើដី គឺពិបាកកំណត់ណាស់ ដោយមានព័ត៌មានលម្អិតជាក់លាក់មួយចំនួនដែលចេញផ្សាយដោយភាគីទាំងពីរ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា មនុស្សគ្រប់គ្នាអាចមើលឃើញថាកងទ័ពអ៊ុយក្រែនដឹងពីរបៀបធ្វើឱ្យភ្ញាក់ផ្អើល និងទទួលបានលទ្ធផល៕