រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកជំទាវនាយឧត្តមសេនីយ៍ ដំា ដារីនី បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់ឱកាសការងារជាច្រើន និងគ្រប់ភារកិច្ចទាំងអស់ ដល់យោធិននារី ដោយក្នុងនោះ បានបើកឱកាសឲ្យពួកគេរៀនជំនាញបើករថក្រោះបាញ់កំាភ្លើងធំ ជំនាញ ការពារអាកាស និងជំនាញដទៃទៀតជាដើម។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«គោលគំនិតយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ» អស់រយៈពេលពីរថ្ងៃគឺថ្ងៃទី៧និងទី៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវដាំ ដារីនី បានលើកឡើង ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយតាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

លោកជំទាវ បានបន្ថែមទៀតថា ក្រសួងការពារជាតិក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ក្នុងការលើកម្ពសសមភាពយេនឌ័រតាមរយៈការគាំទ្រដល់ការចូលរួម ក្នុងការអនុវត្តការងាររបស់យោធិននារីក្នុងគ្រប់កិច្ចការទាំងអស់។

លោកជំទាវ ដាំ ដារីនី បានបន្តទៀតថា ក្រសួងក៏មានរៀបចំផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ តំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ផងដែរ ដើម្បីបង្ហាញពីទស្សនៈ វិស័យរយៈពេល៥ឆ្នាំ ខាងមុខដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការទទួលបាននូវតួនាទីភារកិច្ចនិងរបៀបនៃការអនុវត្តការងារ ដើម្បីអោយយោធិននារីអាចចូលរួមបាន ដូចជាបុរសក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារីដែលមានជំនាញបើករថក្រោះ ជំនាញកំាភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ ជំនាញនគរបាលយុត្តិធម៌ និងជំនាញផ្សេៗជាច្រើនទៀតក្នុងនោះការចូលរួមរបស់យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណាល់សង្រ្គាមក្រោមឆ័ត្រអង្កការសហប្រជាជាតិគឺមានចំនួនកើនឡើង និងមានការវាយតម្លៃក្នុងលទ្ធផលល្អប្រសើរផងដែរ៕ អត្ថបទ បាន ចក់


