មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden និយាយថា អ៊ីរ៉ង់គ្មានសិទ្ធិវាយប្រហារលើយោធាអ៊ីស្រាអែលឡើយ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានចង្អុលមុខអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកយកព័ត៌មានថា ពិតជាពុំមានមូលដ្ឋានស្របច្បាប់ណាមួយ សម្រាប់អ៊ីរ៉ង់បើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីស្រាអែលឡើយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីអ៊ីស្រាអែល លោក Yoav Gallantកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានពិភាក្សាពីវិធានការរបស់អាមេរិក នៅមជ្ឈិមបូព៌ាក្នុងការការពារអ៊ីស្រាអែល និងបទឈប់បាញ់នៅហ្កាហ្សា។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden និយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពអាសន្នណាមួយ។យើងបានបញ្ជូនកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងតំបន់ រួមទាំងយន្តហោះចម្បាំង F-22 ដែលបានមកដល់ថ្ងៃនេះ។ យើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ ដើម្បីកម្ចាត់ការវាយប្រហារណាមួយប្រសិនបើមាន ហើយក៏ដើម្បីបង្ហាញដល់ប្រទេសអ៊ីរ៉ង់ផងដែរថា មានផ្លូវដើរទៅមុខនៅទីនេះ ប្រសើរជាងការវាយប្រហារដោយយោធា។
មន្ត្រីរូបនេះបន្ថែមថា នៅសប្ដាហ៍នេះលោក Biden បានជួបប្រជុំនៅការិយាល័យប្រធានាធិបតីជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិនិត្យមើលការដាក់ពង្រាយយោធាអាមេរិកជួយការពារអ៊ីស្រាអែលពីការវាយប្រហារពីអ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ផលវិបាកនៃការវាយប្រហារដោយផ្ទាល់បែបនេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់រួមទាំងសម្រាប់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលខ្ញុំដឹងថារដ្ឋាភិបាលថ្មីរបស់ពួកគេមានការព្រួយបារម្ភ៕