កំពង់ចាម៖ ដោយមានការសហការគ្នារវាងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះស្រាវជ្រាវឈានដល់បង្ក្រាបឈ្មួញដឹកកូនត្រីនុយខុសច្បាប់ នៅចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យBTVដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤ កំលាំងជំនាញជលផលកំពង់ចាម សហការគ្នា ជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានបន្តចុះបង្ក្រាបឈ្មួញដឹកជញ្ជូនបទល្មើសកូនត្រីធ្វើនុយត្រីធំខុសច្បាប់ បំរ៉ុងយកទៅលក់បន្ត។ លោកនាយខណ្ឌស្តីទី បញ្ជាក់ទៀតថា ដោយសារស្ថានពេលយប់ហើយជនសង្ស័យដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនិងវត្ថុតាងចោល នៅចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងជំនាញ បានឃាត់ចាប់រថយន្ត ដឹកកូនត្រីណុយ មួយគ្រឿង ម៉ាកNISAN NAVARA ពាក់ផ្លាកលេខកំពង់ចាម2B-5163 ដឹកកូនត្រី
ចំរុះចំនួន៣០កានស្មើ៦០០គីឡូក្រាម ដោយឡែក ជនសង្ស័យ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានកសាងសំណុំរឿង រួមនឹងវត្ថុតាងដែលរឹបអូសខាងលើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

