កិច្ចខិតខំប្រឹងប្រែងសម្អាតកម្ទេចកម្ទីនៅតែបន្តដំណើរការនៅលើកោះម៉ូអ៊ី (Maui) នៃរដ្ឋហាវ៉ៃ (Hawai) មួយឆ្នាំបន្ទាប់ពីចំហេះព្រៃដ៏ខ្លាំងក្លាបានសម្លាប់មនុស្ស ១១៥នាក់កាលពីខែសីហាឆ្នាំមុន។ ចំហេះដែលបានផ្ទុះឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំមុន បានបំផ្លាញអគារជាង ២.២០០កន្លែង និងបណ្តាលឱ្យខូចខាតប្រហែល ៥,៥ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

នៅក្នុងទីក្រុង ឡាហៃណា (Lahaina) ដែលរងការឆាបឆេះ នៅមានស្លាកស្នាមដែលអាចមើលឃើញក្នុងការកសាងឡើងវិញ ប៉ុន្តែជាងពាក់កណ្តាលនៃតំបន់របស់ក្រុងនេះនៅតែមិនអាចឱ្យមានការចូលពីខាងក្រៅ។

យោងតាមស្ថិតិរបស់គេហទំព័រតំបន់ម៉ូអ៊ី (Maui County) សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញទាក់ទងនឹងចំហេះឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំនេះ កម្ទេចកម្ទីត្រូវបានសម្អាតចេញពីលំនៅឋាន និងអគារលំនៅដ្ឋានចំនួន ១.៣៦៧ខ្នង។ ម្ចាស់អចលនទ្រព្យសរុបចំនួន ១៣២ទីតាំងបានដាក់ពាក្យស្នើសុំសាងសង់ឡើងវិញ ហើយមានតែ ៤៨សំណើប៉ុណ្ណោះត្រូវបានអនុម័ត។

អង្គភាពវិស្វករកងទ័ពអាមេរិក (USACE) ទទួលបន្ទុកការសម្អាតកម្ទេចកម្ទីនៅក្រុង Lahaina បាននិយាយថា ប្រតិបត្តិការនេះត្រូវបានបញ្ចប់នៅក្នុងអគារលំនៅដ្ឋានភាគច្រើន ប៉ុន្តែសម្រាប់តំបន់ពាណិជ្ជកម្មនៅតែកំពុងដំណើរការក្នុងល្បឿនដ៏យឺតយ៉ាវ៕