មកដល់ខែសីហាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានដឹកនាំប្រទេសបានរយៈពេល១ឆ្នាំហើយ។ ក្នុងដំណើរការអនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបចេ្ចកទេសដល់យុវជន ១.៥ លាននាក់ គិតមកដល់ថ្ងៃទី៩ ខែសីហានេះ មានយុវជនចុះចូលរៀនបានប្រមាណ ៥ម៉ឺន៨០០នាក់ ក្នុងនោះមានយុវជនកំពុងរៀនក្នុងថ្នាក់មានជិត ២ម៉ឺន៤០០នាក់។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ខែសីហានេះថា នៅក្នុងចំណោមសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបចេ្ចកទេសចំនួន៥ម៉ឺន៨១៩នាក់នោះ គឺមានសិស្សចុះឈ្មោះប្រើប្រាស់បណ្ណសមធម៌មានជាង ៤ម៉ឺន៥៤០០នាក់ និង បណ្ណក្រីក្រ និងបណ្ណងាយរងហានីភ័យ ចំនួន ១ម៉ឺន៦៨៤១នាក់ ហើយសម្រាប់សិស្សប្រើប្រាស់បណ្ណក្រីក្រចុះឈ្មោះរៀនជំនាញគឺបានទទួលប្រាក់ឧបត្ថម្ភម្នាក់២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាល។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ថ្លែងថា នៅក្នុងដំណើរអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១.៥ លាននាក់នេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧រយៈពេល១ឆ្នាំមកនេះ គឺសាលាបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការងារជាសេនាធិការ ទទួលបានជោគជ័យលើការងារជាច្រើន ហើយគ្រប់យុវជនមកគ្រួសារក្រីក្រ និងងាយហានីភ័យ ក្រោយរៀនជំនាញវគ្គចប់ មានជំនាញ មានចំណេះ មានការងារធ្វើ និងយុវជនខ្លះបានបង្កើតមុខរបររកចំណូលដោយខ្លួនឯងផងដែរ។
យុវជនកំពុងរៀនជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានលើកឡើងពីគុណតម្លៃនៃការរៀនជំនាញវិជ្ជាជីវៈ និងអរគុណរាជរដ្ឋាភិបាលដែលបានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍ ផ្តល់ទីកន្លែងស្នាក់នៅរៀនជំនាញដោយមិនគិតថ្លៃ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកមានបណ្ណក្រីក្រថែមទៀត។
សូមបញ្ជាក់ថាអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេសយុវជន ១.៥លាននាក់ គឺចាប់ផ្តល់អនុវត្តចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានសិស្សបញ្ចប់ការសិក្សាវគ្គទី១មានចំនួនជិត៤០០០នាក់ ហើយសិស្សទទួលបានការងារធ្វើភ្លាមៗមានជិត១៤០០នាក់ ក្រៅពីនេះមានយុវជនខ្លះទៀតបានចេញទៅបើកអាជីវកម្មប្រកបរបរដោយខ្លួនឯង និងខ្លះទៀតកំពុងចុះកម្មសិក្សាការងារ៕ អត្ថបទ ស៊ុម សុខជា







