រដ្ឋាភិបាលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិន បាននាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជិតទ្វេរដងក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន។

ប្រទេសចិន បានទទួលរងការខាតបង់សេដ្ឋកិច្ចចំនួន ៧៦,៩ពាន់លានយ័ន (១០,១ ពាន់លានដុល្លារ) ពីគ្រោះមហន្តរាយធម្មជាតិកាលពីខែមុន ជាមួយនឹងតួលេខ ៨៨ភាគរយនៃការបាត់បង់ទាំងនោះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ឬផលប៉ះពាល់របស់គ្រោះមហន្តរាយទាំងនោះ នេះបើយោងតាមក្រសួងគ្រប់គ្រងគ្រាអាសន្ន។

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា នេះគឺជាចំនួននៃការខាតបង់ដ៏ធំបំផុតសម្រាប់ខែកក្កដា ចាប់តាំងពីឆ្នាំ២០២១ មក។ ក្រសួងបន្ថែមថា គ្រោះមហន្តរាយធម្មជាតិក្នុងអំឡុងខែនោះបានប៉ះពាល់ដល់មនុស្សជិត ២៦,៤លាននាក់នៅទូទាំងប្រទេសចិន ដោយមានមនុស្ស ៣២៨នាក់ស្លាប់ ឬបាត់ខ្លួន។
ក្នុងអំឡុងខែនៃគ្រោះធម្មជាតិនេះ មនុស្ស ១,១លាននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ លំនៅឋាន ១២.០០០ខ្នងបានដួលរលំ និង ១៥៧.០០០ខ្នងផ្សេងទៀតបានរងការខូចខាត។ ផ្ទៃដីដំណាំប្រមាណ ២,៤២លានហិកតាក៏រងផលប៉ះពាល់ផងដែរ៕