វាយកូនបាល់៖ កីឡាការិនីវ័យក្មេងសញ្ជាតិកាណាដា Leylah Fernandez នៅតែបន្តគ្មានភាពភ័យខ្លាចឡើយក្នុងដំណើរផ្សងព្រេងរបស់ខ្លួននៅព្រឹត្តិការណ៍ Grand Slam, US Open បន្ទាប់ពីទំលាក់កីឡាការិនីលំដាប់លេខ៥ Elina Svitolina ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Leylah Fernandez ទើបតែឈានចូលវ័យ ១៩ឆ្នាំកាលពីថ្ងៃចន្ទ បានបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីយកឈ្នះកីឡាការិនីវ័យ ២៦ឆ្នាំ Svitolina ៦-៣, ៣-៦ និង ៧-៦(៧-៥)។ Elina Svitolina នៅវគ្គសិតទីពីរក៏បានឆ្លើយតបដោយយកឈ្នះ ៦-៣ មិនលំបាកវិញផងដែរ តែសិតទីបីនៅតែមិនអាចទប់កីឡាការិនី Leylah Fernandez បាន។ Fernandez មុនមកដល់វគ្គនេះបានទំលាក់ជើងខ្លាំងដូចជាអ្នកការពារជើងឯក Naomi Osaka, ទំលាក់ជើងឯកឆ្នាំ២០១៦ Angelique Kerber និងចុងក្រោយនេះម្ចាស់មេដាយសំរឹទ្ធអូឡាំពិកទីក្រុងតូក្យូ Svitolina។

ចំណែកការប្រកួតផ្នែកបុរសវិញ កីឡាកររុស្ស៊ី Daniil Medvedev បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយយកឈ្នះកីឡាករហូឡង់ដែលមកពីវគ្គជំរុះ Botic van de Zandschulp។ បន្ទាប់ពីនាំមុខមុនពីរសិត ៦-៣ និង ៦-០ Daniil Medvedev ក៏ត្រូវបានកីឡាករហូឡង់វ័យ ២៥ឆ្នាំរូបនេះតាមបានមួយសិតវិញ ៤-៦ មុនពេលដែល Medvedev យកឈ្នះសិតទីបួន ៧-៤៕
អត្ថបទ៖នាង សុភាវុធ