យោងតាមរបាយការណ៍ ដែលបានធ្វើបច្ចុប្បន្នភាពពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បានឱ្យដឹងថា មនុស្សប្រហែល ១៩.០០០នាក់ត្រូវបានសម្លាប់ និងជាង ៣៣.០០០នាក់បានរងរបួស ចាប់តាំងពីជម្លោះនៅប្រទេសស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ មក។

របាយការណ៍បាននិយាយថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះកាលពីឆ្នាំមុននេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចងក្រងឯកសារនៃការវាយប្រហារដោយហិង្សាចំនួន ៨៣លើកប្រឆាំងនឹងមូលដ្ឋានពេទ្យ បុគ្គលិក និងអ្នកជំងឺ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៤នាក់ និងរបួស ១០៤នាក់។ បន្ថែមពីលើនេះ កម្មករមនុស្សធម៌ ២៣នាក់បានស្លាប់ និង ៣៣នាក់រងរបួសក្នុងជម្លោះ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃព្រហស្បតិ៍ ជម្លោះប្រដាប់អាវុធនៅស៊ូដង់ បាននាំឱ្យប្រជាជនប្រហែល ១៣លាននាក់ភៀសខ្លួន។ ក្នុងចំណោមនោះ មានប្រហែល ២,៣លាននាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសឆាដ ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដើម្បីស្វែងរកការជ្រកកោន។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ឥឡូវនេះស៊ូដង់បានឈានចូលដល់រដូវវស្សា ហើយនាពេលថ្មីៗនេះ តំបន់ជាច្រើនបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលនឹងបង្កើនហានិភ័យនៃការផ្ទុះឡើងជាទ្រង់ទ្រាយធំនៃជំងឺអាសន្នរោគ រាគ និងជំងឺឆ្លងផ្សេងៗទៀត ដែលធ្វើឱ្យគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង៕