ភ្នំពេញ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីកន្លងទៅនេះ បានស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូផ្សារមូលបត្រប៊ូតាន (RSEB) ដឹកនាំដោយ លោកនាយកប្រតិបត្តិ Dorji Phuntsho ក្នុងគោលបំណងបង្កើតទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរ។
ឯកឧត្តមអគ្គនាយក ស៊ូ សុជាតិ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូផ្សារមូលបត្រប៊ូតាន គឺសិក្សាអំពីបទពិសោធន៍របស់និយ័តករមូលបត្រកម្ពុជា ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍហិរញ្ញវត្ថុនិរន្តរភាព តាមរយៈការជំរុញការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណចីរភាពនៅកម្ពុជា។
ឯកឧត្តម មានសុទិដ្ឋិនិយមថា តាមរយៈការចែករំលែកពីការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជាពេលនេះ នឹងនំាមកនូវពុទ្ធិបន្ថែមសម្រាប់ផ្សារមូលបត្រប៊ូតាន ដកស្រង់បទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាពក្នុងបរិបទប្រទេសប៊ូតាន។ ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ទំនាក់ទំនង រវាងនិយ័តករមូលបត្រកម្ពុជា និងមូលបត្រប៊ូតាន នឹងត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយឯកឧត្តមសង្ឃឹមទៀតថា ទីផ្សារមូលបត្រប្រទេសទាំងពីរ នឹងរីកចម្រើនជាមួយគ្នានាពេលអនាគត តាមរយៈការសិក្សា និងចែករំលែកជាមួយគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមបរិស្ថានតាមរយៈយន្តការទីផ្សារមូលបត្រ។
លោកនាយកប្រតិបត្តិផ្សារមូលបត្រប៊ូតាន បានមានប្រសាសន៍ថា មូលបត្រប៊ូតាន មានការស្ញប់ស្ងែងចំពោះព្រឹត្តិការណ៍សំខាន់ៗ របស់កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការដោះស្រាយបញ្ហាប្រឈមបរិស្ថានតាមរយៈការបោះផ្សាយសញ្ញាបណ្ណបៃតង និងសញ្ញបណ្ណចីរភាព។ ដោយពិចារណាលើទំហំ និងលក្ខណៈនៃទីផ្សារមូលធននៅក្នុងបរិបទនៃទីផ្សារប្រទេសប៊ូតាន គោលបំណង គឺដើម្បីសិក្សាពីរបៀបដែលនិយ័តករ និងភាគីពាក់ព័ន្ធដំណើរការបោះផ្សាយលក់សញ្ញាបណ្ណប្រភេទនេះ។
បើតាមនិយ័តករមូលបត្រកម្ពុជា ដំណើរទស្សនកិច្ចនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា និងមូលបត្រប៊ូតាន ដែលបន្ថែមលើការពិភាក្សាអំពីទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ក៏មានការពិភាក្សាផងដែរអំពីវឌ្ឍនភាពទីផ្សារ និងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ៕





