យោធាអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានចាប់ខ្លួនមនុស្សចំនួន ៥នាក់ ដែលសង្ស័យថា មានការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាទីដែលកងទ័ពអាមេរិក ឈរជើង។

ដោយផ្អែកលើការស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់ បានចាប់ខ្លួនមនុស្ស ៥នាក់ ក្រោមដីកាចាប់ខ្លួនដែលចេញដោយតុលាការអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយផ្នែកសន្តិសុខ ( Security Media Cell) ជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ (JOC)។

JOC បានរាយការណ៍ថា ការវាយប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៩:00 យប់ ម៉ោងក្នុងស្រុក (១៨:00 ម៉ោងសាកល) នៅថ្ងៃចន្ទ នៅពេលដែលគ្រាប់រ៉ុក្កែតពីរគ្រាប់ ត្រូវបានបាញ់ទៅលើមូលដ្ឋានទ័ព អាកាសនោះ។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។
កាលពីថ្ងៃអង្គារ កងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា ពួកគេ បានរឹបអូសរថយន្តមួយគ្រឿងដែលផ្ទុកគ្រាប់ រ៉ុក្កែតចំនួន ៥គ្រាប់ ដែលមិនទាន់បានបាញ់ ត្រៀមខ្លួនសម្រាប់ការបាញ់នៅទីក្រុង Haditha មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីបាកដាដ។
ជាការឆ្លើយតបនឹងការវាយប្រហារនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនចំពោះការវាយប្រហារលើកងទ័ពរបស់ខ្លួន នៅមជ្ឈិមបូព៌ាឡើយ។