ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich អំពីការបង្អត់អាហារប្រជាជននៅតំបន់ហ្កាហ្សា។

ក្រសួងការបរទេសប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីថ្លែងការណ៍របស់លោក Smotrich គឺជា «ការទទួលស្គាល់យ៉ាងច្បាស់លាស់នៃការអនុវត្តគោលនយោបាយនៃអំពើប្រល័យពូជសាសន៍»។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា អ្វីដែលត្រូវបានចេញដោយរដ្ឋមន្ត្រីអ៊ីស្រាអែលនេះ គឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងការមិនយកចិត្តទុកដាក់ដោយផ្ទាល់ចំពោះសេចក្តីសម្រេចស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍នោះ បានអំពាវនាវឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោក Smotrich ជុំវិញការអនុវត្ត«គោលនយោបាយនៃអំពើប្រល័យពូជសាសន៍» និងការដាក់ទណ្ឌកម្មរួមបន្ថែមទៀតលើជនស៊ីវិលប៉ាឡេស្ទីន។
លោក Smotrich ជារដ្ឋមន្ត្រីស្តាំនិយមដែលគេស្គាល់ដោយសារគំនិតអរិភាពរបស់ខ្លួនចំពោះប៉ាឡេស្ទីន បានចាត់ទុកការទប់ស្កាត់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្ទ្រីបថា «មានភាពត្រឹមត្រូវ និងប្រកបដោយសីលធម៌»។
លោកបាននិយាយនៅក្នុងសន្និសីទមួយដែលរៀបចំដោយសារព័ត៌មាន Israel Hayom កាលពីថ្ងៃចន្ទថា ៖«យើងកំពុងនាំយកជំនួយទៅតំបន់់ហ្កាហ្សា ពីព្រោះមិនមានជម្រើសផ្សេងទៀតទេ»។ នេះបើយោងតាមសារព័ត៌មានពីទូរទស្សន៍ Kan TV របស់រដ្ឋអ៊ីស្រាអែល។