រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយថា អ៊ីស្រាអែល នឹងរងផលវិបាក យ៉ាងធ្ងន់ធ្ងរ ដោយសារការធ្វើឃាតលោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) ដែលជាប្រធានការិយាល័យនយោបាយនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស នៅក្នុងរដ្ឋធានីអ៊ីរ៉ង់។

លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅខាងក្រៅសម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាមក្នុងទីក្រុង Jeddah ថា៖«ទង្វើដែលបានប្រព្រឹត្តដោយក្រុមជ្វីហ្វនិយម ក្នុងទីក្រុងតេអេរ៉ង់ គឺជាកំហុសយុទ្ធសាស្ត្រ ដែលនឹងធ្វើឲ្យពួកគេ ខាតបង់យ៉ាងធ្ងន់ធ្ងរ»។

លោក Bagheri Kani បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលដែលចង់ «សង្រ្គាមរីករាលដាល» នៅទូទាំងមជ្ឈិមបូព៌ា «មិនមានកម្លាំង ឬសមត្ថភាព» ដើម្បីប្រឈមមុខនឹងប្រទេសអ៊ីរ៉ង់នោះទេ។
កាលថ្ងៃទី ៣១ ខែកក្កដា ក្រុមហាម៉ាស បាននិយាយថា លោក ហានីយេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលំនៅដ្ឋានរបស់លោក ក្នុងទីក្រុងតេអេរ៉ង់ ជាកន្លែងដែលលោក បានមកដល់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian ។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បាននិយាយថា ការធ្វើឃាតនេះ ត្រូវបានរៀបចំឡើងដោយអ៊ីស្រាអែលដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា រដ្ឋជ្វីហ្វ នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការសម្លាប់អ្នកនយោបាយប៉ាឡេស្ទីនរូបនេះ។