បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអ៊ីរ៉ង់បានបន្តការចាប់ផ្តើមនៅវគ្គជំរុះ World Cup ២០២២ ជុំទី៣ តំបន់អាស៊ីរបស់ខ្លួនបានល្អឥតខ្ចោះដដែល ក្រោយរកបានជ័យជំនះទី២ ក្រោយយកឈ្នះអ៊ីរ៉ាក់ ៣-០។

បន្ទាប់ពីយកឈ្នះស៊ីរី ១-០ ប្រកួតដំបូងអ៊ីរ៉ង់បានបើកការនាំមុខលអ៊ីរ៉ាក់តាំងពីនាទីទី៣ ដោយ Alireza Jahanbakhsh។ ចូលវគ្គទី២ ខ្សែប្រយុទ្ធ Porto, Mehdi Taremi ក៏រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី៦៩ មុនពេលដែល Gholizadeh បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី៩០។ ចប់ការប្រកួតអ៊ីរ៉ង់យកឈ្នះអ៊ីរ៉ាក់ ៣-០។ គូបន្តទៀតនេះគឺកូរ៉េខាងត្បូងរកបានជ័យជំនះដំបូងរបស់ខ្លួនក្រោយយកឈ្នះលីបង់ ១-០។ បន្ទាប់ស្មើប្រកួតដំបូងជាមួយក្រុមអ៊ីរ៉ាក់ក្នុងទឹកដីខ្លួនឯង កូរ៉េក៏រកបានជ័យជំនះលើលីបង់ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្រុម Suwon Bluewings, Kwon Chang-hoon។

ចំណែកប្រកួតចុងក្រោយក្នុងពូល A នេះ ស៊ីរីតាមស្មើអារ៉ាប់រួមនៅនាទីទី៦៤ ដោយ Al Baher បន្ទាប់ពីក្រុមអារ៉ាប់រួមនាំមុខតាំងពីនាទីទី១២ Ali Mabkhout។ ក្រោយពីរប្រកួតក្នុងពូល A នេះអ៊ីរ៉ង់ឈរលើគេមាន ៦ពិន្ទុពេញ, កូរ៉េលេខ២ មាន ៤ពិន្ទុ, អារ៉ាប់រួមមាន ២ពិន្ទុ ខណៈស៊ីរី លីបង់ និងអ៊ីរ៉ាក់មាន ១ពិន្ទុដូចគ្នា។ ប្រកួតបន្ទាប់កូរ៉េជួបស៊ីរី, អារ៉ាប់រួមជួបអ៊ីរ៉ង់ និងអ៊ីរ៉ាក់ជួបលីបង់នៅថ្ងៃទី៧ ខែតុលា៕
អត្ថបទ៖នាង សុភាវុធ