ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនបច្ចេកវិទ្យា ម៉ៃក្រូសូហ្វ (Microsoft) បាននិយាយនៅថ្ងៃសុក្រ (០៩ សីហា) នេះថា ពួកចោរព័ត៌មានវិទ្យា (Hacker) ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីប្រើប្រាស់របស់ «មន្ត្រីជាន់ខ្ពស់» នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែមិថុនា ប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការបំពានចូលប្រើប្រាស់គណនីរបស់មន្ត្រីអាមេរិកកម្រិតតំបន់។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយថា ការបំពាននេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប៉ុនប៉ងរបស់ក្រុមអ៊ីរ៉ង់ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតអាមេរិក នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

បេសកកម្មរបស់អ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (New York) បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ សមត្ថភាពអ៊ីនធឺណិតរបស់ខ្លួនគឺ «សម្រាប់ការពារ និងសមាមាត្រទៅនឹងការគំរាមកំហែងដែលខ្លួនប្រឈមប៉ុណ្ណោះ»។ អ៊ីរ៉ង់មិនមានគម្រោងវាយប្រហារតាមអ៊ីនធឺណិតទេ ហើយការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាបញ្ហាផ្ទៃក្នុង ដែលអ៊ីរ៉ង់មិនជ្រៀតជ្រែកឡើយ។

របាយការណ៍នេះកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ដែលថាពួកគេបានមើលឃើញអ៊ីរ៉ង់ បង្កើនការប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមសម្ងាត់ក្នុងគោលបំណងប្រើប្រាស់បណ្ដាញទាំងនោះដើម្បីព្យាយាមបង្កជម្លោះនយោបាយនៅអាមេរិក៕