រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស «ការកំណត់គោលដៅដោយចេតនារបស់អ៊ីស្រាអែល ទៅលើជនស៊ីវិល នៅក្នុងការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងជនអន្តោប្រវេសន៍។

លោក Bou Habib បានធ្វើការអត្ថាធិប្បាយនៅពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីន័រវែស គឺលោក Espen Barth Eide ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ក្នុងការរំដោះតំបន់នេះពីសង្រ្គាមទ្រង់ទ្រាយធំ ចំពេលអ៊ីស្រាអែលបង្កើនភាពតានតឹងនៅក្នុងប្រទេសលីបង់ និងអ៊ីរ៉ង់ ក៏ដូចជាប្រតិបត្តិការយោធាដែលកំពុងបន្ត នៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សា។
ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេ លោក Bou Habib បានចាត់ទុកសកម្មភាពរបស់អ៊ីស្រាអែលថា ជា «ការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់»។

សម្រាប់ផ្នែករបស់ខ្លួន លោករដ្ឋមន្ត្រីការបរទេសន័រវែស បានសង្កត់ធ្ងន់ថា ប្រទេសរបស់ខ្លួន កំពុងស្វែងរកការបន្ធូរបន្ថយស្ថានការណ៍ និង «ទប់ស្កាត់ព្រឹត្តិការណ៍មិនឲ្យរួចផុតពីគ្រប់គ្រង»។
លោកបាននិយាយថា ការការពារផលប្រយោជន៍របស់ប៉ាឡេស្ទីន និងការសម្រេចបានបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ទាមទារការខិតខំប្រឹងប្រែង ដើម្បីចៀសវាងការបញ្ឆេះសង្រ្គាម នៅក្នុងតំបន់។
ភាពតានតឹងមានកម្រិតខ្ពស់ក្នុងប្រទេសលីបង់ បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Fouad Shokor កាលពីសប្តាហ៍មុន។ លោក Hassan Nasrallah អគ្គលេខាធិការរបស់ក្រុមហេសបូឡា បានគំរាមសងសឹក។