ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានដាក់ពង្រាយឡើងវិញនូវយន្តហោះចម្បាំង F-22 Raptor ជំនាន់ទី៥ មួយចំនួន ទៅកាន់មជ្ឈិមបូព៌ា ក្នុងករណីដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើនឡើង។

ទីបញ្ជាការនេះ បាននិយាយនៅលើបណ្តាញសង្គម X ថា៖«យន្តហោះចម្បាំងF-22 Raptors បានមកដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ ខែសីហា ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរជំហររបស់កងកម្លាំងអាមេរិកនៅក្នុងតំបន់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើនឡើងភាពតានតឹងក្នុងតំបន់ដោយអ៊ីរ៉ង់ ឬក្រុមអ្នកតំណាងរបស់ខ្លួន»។
មុននេះ មន្ទីរបញ្ចកោណ បានប្រកាសថា ខ្លួនកំពុងបញ្ជូននាវាចម្បាំង និងយន្តហោះបន្ថែមទៅកាន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល និងបង្កើនការត្រៀមខ្លួន ក្នុងការដាក់ពង្រាយសមត្ថភាពការពារមីស៊ីល។

ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការធ្វើឃាតលោក អ៊ីស្មេល ហានីយេ ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ៣១ ខែកក្កដា និងការសម្លាប់ លោក Fuad Shukr ដែលជាមេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅក្នុងទីក្រុងបេរូត នៃប្រទេសលីបង់។ ប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស និងក្រុមហេសបូឡា បានឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ហើយបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យចំណាត់ការនេះ ដោយគ្មានការឆ្លើយតបនោះទេ ។ អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការសម្លាប់របស់លោក ហានីយេ ទេ ហើយបាននិយាយថា លោក Shukr ត្រូវបានសម្លាប់ ជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងទៅលើភូមិ Druze នៃទីក្រុង Majdal Shams នៅតំបន់ខ្ពង់រាប Golan Heights ដែលបានសម្លាប់មនុស្ស ១២នាក់។ ក្រុមហេសបូឡា បដិសេធថា ពុំមានការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ។