អាជ្ញាធរប្រទេសជប៉ុន កំពុងជំរុញប្រជាជនក្នុងផ្នែកដ៏ធំទូលាយរបស់ប្រទេស ឱ្យមានការប្រុងប្រយ័ត្នជាមុន ចំពោះការរញ្ជួយដីទ្រង់ទ្រាយធំ ដែលអាចកើតមាន។ អាជ្ញាធរ បានចេញសេចក្តីណែនាំពិសេសជាលើកដំបូង បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងមួយ បានធ្វើឲ្យរង្គើរកោះ Kyushu កាលពីថ្ងៃព្រហស្បតិ៍។

ការណែនាំនេះ គឺជាផ្នែកមួយនៃវិធានការប្រុងប្រយ័ត្នជាមុន ដែលត្រូវបានធ្វើឡើងទប់ទល់ទៅនឹងការរញ្ជួយដីទ្រង់ទ្រាយធំ ដែលអាចកើតមាន។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា មានលទ្ធភាពខ្ពស់ដែលការរញ្ជួយដីទ្រង់ទ្រាយធំ នឹងវាយលុក។ ប្រសិនបើការរញ្ជួយដីទ្រង់ទ្រាយធំកើតឡើងនៅពេលខាងមុខ រំញ័រខ្លាំងនិងរលកយក្សស៊ូណាមិធំៗត្រូវបានគេរំពឹងទុក។ ខណៈលទ្ធភាពពេលនេះ គឺខ្ពស់ជាងធម្មតា ដែលភ្នាក់ងារកត់សម្គាល់ថា នេះពុំមានន័យថា អ្វីមួយនឹងកើតឡើងពិតប្រាកដ ក្នុងអំឡុងពេលជាក់លាក់ណាមួយនោះទេ។

រញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារភាគនិរតីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយរំញ័រជាច្រើន បានវាយលុករហូតដល់ថ្ងៃសុក្រនេះ។ អ្នកជំនាញ និយាយថា សកម្មភាពរញ្ជួយដីនៅតែមានកម្រិតខ្ពស់។ ទីភ្នាក់ងារឧតុនិយម កំពុងជំរុញឱ្យទីក្រុងនានា នៅក្នុងតំបន់ដែលលាតសន្ធឹងពីចាប់ពីតំបន់ជុំវិញទីក្រុងតូក្យូ រហូតដល់តំបន់ភាគខាងត្បូងខេត្តអូគីណាវ៉ា ពិនិត្យមើលការត្រៀមខ្លួនទប់ទល់សម្រាប់គ្រោះរញ្ជួយដី។
មន្ត្រី កំពុងណែនាំប្រជាជនឲ្យធានាបានការទប់បំណែកគ្រឿងសង្ហារិម កុំឲ្យធ្លាក់។ អាជ្ញាធរ ក៏កំពុងណែនាំប្រជាជនឱ្យចំណាំទីតាំងជម្លៀសខ្លួន និងមធ្យោបាយដើម្បីបញ្ជាក់ថាសមាជិកគ្រួសារ មានសុវត្ថិភាព។ ពួកគេនិយាយថា គ្រួសារដែលមានទារក ចាស់ជរា ឬសមាជិកពិការ គួរតែពិចារណាអំពីការជម្លៀសចេញ ដោយស្ម័គ្រចិត្ត។