រដ្ឋាភិបាលក្នុងតំបន់ និងទីក្រុង នៅទូទាំងប្រទេសអ៊ីតាលី បាននឹងកំពុងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈរដូវក្តៅស្ងួតហួតហែង និងកម្តៅក្តៅខ្លាំងនៅក្នុងប្រទេសនេះ នៅតែបន្ត។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុង Sassari នៅកោះSardinia បានក្លាយជារដ្ឋបាលតំបន់ចុងក្រោយដែលបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារស្ថានភាពគ្រោះរាំងស្ងួត និងសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំង។

ទីក្រុង Sassari នៅភាគខាងជើងនៃកោះអ៊ីតាលី បានបញ្ចេញសាច់ប្រាក់បន្ថែមដើម្បីជួយដល់អាជីវកម្មក្នុងតំបន់ ដែលរងគ្រោះដោយសារអាកាសធាតុធ្ងន់ធ្ងរ។
នៅកោះស៊ីស៊ីលី រដ្ឋាភិបាលក្នុងតំបន់ ក៏បានប្រកាសរដ្ឋក្នុងគ្រាអាសន្ន ផងដែរ។ នៅតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ផ្នែកមួយចំនួននៅកោះនេះ ពុំមានការផ្គត់ផ្គង់ទឹកជាប្រចាំនោះទេ រយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយស្ថានភាពដូចគ្នានេះ ត្រូវបានគេឃើញនៅតំបន់ Apulia នៅជាយនៃឧបទ្វីបអ៊ីតាលី។

នៅក្នុងទីក្រុង Lucani ជាក្រវាត់ក្រុងមួយ រហូតដល់ផ្នែកកណ្តាលនៃភាគខាងត្បូងប្រទេសអ៊ីតាលី ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងផលិតប្រេងអូលីវដ៏សំខាន់ អង្គការអ្នកផលិតប្រេងអូលីវ Lucanian បាននិយាយថា ការផលិតប្រេងអូលីវរបស់ពួកគេនឹងធ្លាក់ចុះ៩៥ ភាគរយ នៅឆ្នាំនេះ។
សហជីពកសិករជាតិរបស់ប្រទេសអ៊ីតាលី Coldiretti បាននិយាយកាលពីដើមខែនេះថា ផលិតផលប៉េងប៉ោះ និងផ្លែបឺរី របស់ប្រទេសនៅឆ្នាំនេះនឹងមានកម្រិតធ្លាក់ចុះខ្លាំង ដោយសារអាកាសធាតុក្តៅ និងស្ងួតហួតហែង ខុសពីធម្មតា។