នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានលុបចោលផែនការបំពេញទស្សនកិច្ចរបស់លោកទៅកាន់អាស៊ីកណ្តាលនៅថ្ងៃសុក្រនេះ ហើយផ្ទុយទៅវិញលោក ដឹកនាំវិធានប្រុងប្រយ័ត្នជាមុន បន្ទាប់ពីមានការព្រមានពុំធ្លាប់ដែលមានកាលពីមុនថា ហានិភ័យនៃការរញ្ជួយដីតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកដ៏ខ្លាំងក្លា មានកម្រិតខ្ពស់ជាងពេលធម្មតា ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានជាលើកដំបូងពុំធ្លាប់ដែលមានរបស់ខ្លួនពីហានិភ័យនៃការរញ្ជួយដីដ៏ខ្លាំងក្លានៅតំបន់ឆ្នេរប្រទេសមួយនេះ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានអង្រួនកោះភាគនិរតី Kyushu ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានចង្អុរបង្ហាញថា ការរញ្ជួយដីនេះពិតជានឹងកើតឡើងនោះទេ ប៉ុន្តែពួកគេ បានជំរុញឲ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញ បើសិនជាចាំបាច់ ។

លោក Kishida និយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកបានសម្រេចចិត្តស្នាក់នៅក្នុងប្រទេស សម្រាប់រយៈពេល ១សប្តាហ៍ក្រោយ ដើម្បីធានាថា ការត្រៀមខ្លួន និងការទំនាក់ទំនងរបស់ពួកគេ ត្រូវបានរៀបចំរួច បើទោះបីជាលោកពុំបានផ្តល់ពេលវេលាជាក់លាក់ ឬអំពាវនាវឲ្យមានការជម្លៀសខ្លួនមនុស្សក៏ដោយ ។
លោកថា នេះគឺជាលើកដំបូងហើយដែលពួកគេចេញការព្រមានបែបនេះ ហើយលោកមានជំនឿថា ពលរដ្ឋមានអារម្មណ៍ភិតភ័យពីការជូនដំណឹងខាងលើ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Kyushu ទៅកាន់ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងប្រទេសម៉ុងហ្គោលី ដំបូងឡើយត្រូវបានកំណត់ធ្វើឡើងចាប់ពីថ្ងៃសុក្រ ទី ៩ ខែសីហា រហូតដល់ថ្ងៃចន្ទ ទី ១២ ខែសីហា ឆ្នាំ ២០២៤ ៕