អ៊ីស្រាអែលកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារសងសឹកដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ ពីសំណាក់អ៊ីរ៉ង់ និងក្រុមហេសបូឡា ដោយប្រាប់ប្រជាជនរបស់ខ្លួនក្នុងសប្តាហ៍នេះឲ្យស្តុកទុកអាហារ និងទឹកនៅក្នុងបន្ទប់សុវត្ថិភាព ខណៈមន្ទីរពេទ្យរៀបចំបញ្ជូនអ្នកជំងឺទៅកាន់បន្ទប់ក្រោមដី ហើយក្រុមស្វែងរក និងជួយសង្គ្រោះ ត្រូវឈរជើងនៅទីតាំង ក្នុងទីក្រុងសំខាន់ៗ។

ខុទ្ទកាល័យសន្តិសុខរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានកោះប្រជុំ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) ខណៈការរំពឹងទុកបន្តមាន ជុំវិញវិធីរបស់គូអរិ ដែលអាចឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស នៅប្រទេសអ៊ីរ៉ង់។ អ្នកការទូត នៅទូទាំងតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត បានព្យាយាមកាត់បន្ថយភាពតានតឹង ចំពេលមានការបារម្ភថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងឆាបឆេះនៅតំបន់ហ្កាហ្សាស្ទ្រីប អាចរីករាលដលទៅជាជម្លោះកាន់តែធំឡើងៗ នៅទូទាំងតំបន់។

ការផ្ដល់ព័ត៌មានសម្ងាត់ មានកម្រិតតិចតួច ហើយប្រែប្រួលជាញឹកញាប់។ ប៉ុន្តែមន្ត្រីអ៊ីស្រាអែល ២រូប និងមន្ត្រីស៊ើបការណ៍សម្ងាត់លោកខាងលិចម្នាក់ បាននិយាយថា ផ្អែកលើព័ត៌មានចុងក្រោយ ក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធរបស់លីបង់ដែលមានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអ៊ីរ៉ង់ ទំនងជានឹងវាយប្រហារជាលើកដំបូងនៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ មុនពេលអ៊ីរ៉ង់ធ្វើការសងសឹកផ្ទាល់ខ្លួន។ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារដែលអាចកើតមាននោះទេ។

គួរបញ្ជាក់ថា វិបត្តិចុងក្រោយនេះកើតឡើងបន្ទាប់ពីការធ្វើឃាត កាលពីសប្តាហ៍មុន លើលោក Fouad Shukur មេបញ្ជាការកងទ័ពរបស់ក្រុមហេសបូឡា និងលើលោក Ismail Haniyeh មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់លោក Shukur ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ូក្កែតពីលីបង់ ដែលបានសម្លាប់កុមារ និងក្មេងជំទង់ ១២នាក់ ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការផ្ទុះដែលបានសម្លាប់លោក Haniyeh នៅអ៊ីរ៉ង់ ដែលត្រូវបានកំណត់យ៉ាងទូលំទូលាយថា ជាស្នាដៃរបស់អ៊ីស្រាអែល៕