ប្រធានការិយាល័យនាយករដ្ឋមន្ត្រីថៃ បាននិយាយថា លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ទំនងជានឹងអាចរួចផុតពីសេចក្តីសម្រេចរបស់តុលាការដ៏សំខាន់មួយនៅសប្តាហ៍ក្រោយ ពោលគឺជាការប្រកាសដែលអាចឃើញថា រូបលោកត្រូវបានបញ្ចប់តំណែង ដោយវាយប្រហារទៅលើអតីតសមាជិកសភាដែលតែងតាំងដោយយោធាថា បានកំណត់គោលដៅលើលោកនាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញនឹងបើកសវនាការនៅថ្ងៃទី១៤ ខែសីហា លើសំណុំរឿង ដែលត្រូវបានលើកយកមកដោយអតីតសមាជិកព្រឹទ្ធសភារបស់ក្រុមអភិរក្សនិយម ដែលបានចោទប្រកាន់លោក សេដ្ឋា ថា បានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយការតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកមានមន្ត្រីម្នាក់ ដែលជាអតីតមេធាវីធ្លាប់ជាប់ពន្ធនាគារ។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងសំណុំរឿងនេះ សមាជិកចាស់វស្សារបស់គណបក្សភឿថៃ (Pheu Thai) គឺលោក Prommin Lertsuridej ដែលកំពុងកាន់អំណាច បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមានទំនុកចិត្តខ្ពស់ ពីព្រោះយើងបានធ្វើអ្វីគ្រប់យ៉ាងតាមនីតិវិធីច្បាប់»។
ករណីនេះបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីការបែកបាក់កាន់តែជ្រៅទៅៗ នៅក្នុងនយោបាយថៃ ដែលត្រូវបានសម្គាល់ដោយការតស៊ូគ្នារយៈពេល ២ទសវត្សរ៍ រវាងស្ថាប័នរបបរាជានិយមរបស់ក្រុមអភិរក្សនិយម ដែលគាំទ្រដោយយោធា និងគណបក្សដែលមានការអំពាវនាវយ៉ាងច្រើនមហាជន ដូចជាគណបក្សភឿថៃ ដែលកំពុងកាន់អំណាចរបស់លោក សេដ្ឋា។
សមាជិកសភា គឺជាសមាជិកនៃសភាជាន់ខ្ពស់ដែលត្រូវបានតែងតាំងដោយឧត្តមសេនីយ៍ដែលបានផ្តួលរំលំរដ្ឋាភិបាលចុងក្រោយរបស់គណបក្សភឿថៃ នៅក្នុងឆ្នាំ២០១៤ ដែលជារដ្ឋប្រហារលើកទី២ ក្នុងរយៈពេល ៩ឆ្នាំ ប្រឆាំងនឹងរដ្ឋបាលដែលដឹកនាំដោយគ្រួសារមហាសេដ្ឋី ត្រកូលស៊ីណាវ៉ាត់។
ប្រសិនបើលោក សេដ្ឋា ត្រូវបានបញ្ចប់តំណែង រដ្ឋាភិបាលថ្មីត្រូវតែបង្កើត។ គណបក្សភឿថៃ នឹងត្រូវដាក់បេក្ខជននាយករដ្ឋមន្ត្រីថ្មី ដែលត្រូវបោះឆ្នោតដោយសភា ដោយដំណើរការនោះមិនមានការធានាពីភាពជោគជ័យ ហើយនិងការរំពឹងទុកពីការមានភាពរង្គោះរង្គើដ៏ធំ នៅក្នុងរដ្ឋាភិបាលចម្រុះ៕