ប្រទេសកាណាដា និងអូស្ត្រាលី ដែលសម្ដែងក្ដីបារម្ភ ចំពោះការទាមទាររបស់ប្រទេសចិន ជុំវិញដែនទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) បាននិយាយថា ពួកគេនឹងបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា និងការពារជាតិរបស់ប្រទេសទាំង២។
រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បាននិយាយថា សន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងប្រឈមនឹង «វិធីសំខាន់ៗ និងលំបាកមួយចំនួន» ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងថា ព្យាយាមរៀបចំប្រព័ន្ធអន្តរជាតិឡើងវិញ ដើម្បីពន្លឿនដល់ផលប្រយោជន៍របស់ខ្លួន។
បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុង Vancouver ជាមួយសមភាគីអូស្ត្រាលី គឺលោក Richard Marles លោក Blair បាននិយាយថា ប្រទេសទាំង២ ចាំបាច់ត្រូវធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយគ្នាខ្លាំងឡើង ដើម្បីរក្សាសណ្តាប់ធ្នាប់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ពួកយើងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធដោយបង្កើនអន្តរប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង និងដោយការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងយុទ្ធសាស្ត្រយោធារបស់ពួកយើង»។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ទាំង២ បាននិយាយថា ពួកគេព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថា ការទាមទារដែនសមុទ្រហួសហេតុរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ផងដែរ៕