មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដែលបង្កើតឡើងដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបបយោធា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋាភិបាលស្រមោលបង្កើតឡើងដោយសមាជិកសភា ដែលត្រូវបានបណ្ដេញចេញកំពុងគាំទ្រលោកស្រី Aung San Suu Kyi រួមជាមួយក្រុមតំណាងឲ្យជនជាតិភាគតិច។ លោក Duwa Lashi La ប្រធានាធិបតីស្ដីទីរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) បានបង្ហោះសុន្ទរកថាតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារ ដោយប្រកាសពីការចាប់ផ្តើម “សង្គ្រាមការពារ” ប្រឆាំងនឹងរបបយោធា។ ប្រធានាធិបតីស្ដីទីរូបនេះបានកត់សម្គាល់ថា យោធានៅតែបន្តការសម្លាប់ ការធ្វើទារុណកម្ម និងការឃុំខ្លួនមនុស្ស។
លោកបានអំពាវនាវដល់កងកម្លាំងការពារប្រជាជន ដែលបង្កើតឡើងដោយប្រជាពលរដ្ឋប្រដាប់អាវុធនៅទូទាំងប្រទេស និងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចជាច្រើនវាយប្រហារយោធា និងមូលដ្ឋាននានារបស់របបសឹកមួយនេះ៕
អត្ថបទ៖ សុខមាន