ប្រធានទីប្រឹក្សារដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus និងសមាជិកដ៏ទៃទៀតនៃរដ្ឋបាល នៅថ្ងៃសុក្រ ទី៩ សីហានេះ បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធទុក្ករបុគ្គលជាតិរបស់ប្រទេស។
វិមានអនុស្សាវរីយ៍នេះ ត្រូវបានសាងសង់ឡើង ដើម្បីគោរពនិងរំលឹកដល់អ្នកដែលបានស្លាប់ ក្នុងសង្គ្រាមរំដោះប្រទេសបង់ក្លាដែស ក្នុងឆ្នាំ ១៩៧១។
ពិធីនៅថ្ងៃសុក្រនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក Yunus ចូលកាន់តំណែងក្នុងរដ្ឋាភិបាល ដោយសង្ឃឹមថានឹងស្តារប្រទេសឡើងវិញ ដែលបានរង្គោះរង្គើដោយអំពើហិង្សាជាច្រើនសប្តាហ៍ ដោយបង្ខំឱ្យអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលនៅជិតខាង កាលពីថ្ងៃច័ន្ទ ទី៥ ខែសីហា។
ចលនាដឹកនាំដោយនិស្សិត ដែលបានបណ្តេញលោកស្រី Hasina កើតចេញពីការតវ៉ាប្រឆាំងទៅនឹងប្រព័ន្ធកូតាក្នុងការងាររបស់រដ្ឋាភិបាល ដែលបានរីកកាន់តែធំក្នុងខែកក្កដា បង្កឱ្យមានការបង្ក្រាបដោយហិង្សា ធ្វើឲ្យមានការរិះគន់ជាសកល ទោះបីជារដ្ឋាភិបាលបានបដិសេធការប្រើកម្លាំងហួសហេតុ ក៏ដោយ។