សភាកាតាឡាន់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) បានបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez គឺលោក Salvador Illa ដែលគណបក្សសង្គមនិយម (Socialist) របស់លោក បានឈ្នះការបោះឆ្នោតថ្នាក់តំបន់ កាលពីខែឧសភា ត្រូវបានតែងតាំងជាប្រមុខរដ្ឋបាលរបស់តំបន់កាតាឡាន់ ដោយការអះអាងនេះបានន័យថា ការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួនជាង ១ទសវត្សរ៍ ឈានដល់ទីបញ្ចប់ហើយ។
តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសញ្ញានៃភាពមិនសុខស្រួលបន្ថែមទៀតដែលអាចកើតមាន ការតែងតាំងរបស់លោក Illa ត្រូវបានរំខានដោយមេដឹកនាំផ្តាច់ខ្លួន លោក Carles Puigdemont ដែលបានបង្ហាញខ្លួននៅឯការជួបជុំក្នុងទីក្រុង Barcelona ដោយផ្គើននឹងដីកាចាប់ខ្លួន បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ៧ឆ្នាំ ហើយបន្ទាប់មកបានបាត់ខ្លួនពីទីនោះ មុនពេលនគរនបាលអាចចាប់ខ្លួនលោកបាន។
មុនពេលចាកចេញ លោក Puigdemont បានប្រាប់ក្រុមមនុស្សថា លោកមានគោលបំណងស្តារឡើងវិញនូវយុទ្ធនាការឯករាជ្យ ពោលគឺជាយុទ្ធនាការដែលបានរុញទម្លាក់អេស្ប៉ាញឲ្យចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅ កាលពីប្រាំ ៧ឆ្នាំមុន នៅពេលដែលតំបន់កាតាឡាន់ក្រោមការដឹកនាំរបស់លោក Puigdemont បានព្យាយាមបំបែកចេញពីអេស្ប៉ាញ បន្ទាប់ពីបានធ្វើប្រជាមតិដែលត្រូវបានតុលាការចាត់ទុកថា ខុសច្បាប់៕