មនុស្សម្នាក់ បានស្លាប់ ក្រោយព្យុះកួច បោកបក់ឆ្លងកាត់ស្រុក Wilson រដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងសាលារៀននៅក្នុងទីក្រុង Lucama ។
ទូរទស្សន៍ WTVD រាយការណ៍ថា បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះកម្ពស់ ២ជាន់ ដែលជាផ្ទះមួយក្នុងចំណោមផ្ទះយ៉ាងហោចចំនួន ១០ខ្នង រងការខូចខាតកាលពីយប់កន្លងទៅ ។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ WTVD បានឲ្យដឹងថា សាលាអនុវិទ្យាល័យ Springfield រងការខូចខាតផងដែរ ។
ព្យុះត្រូពិក Debby បានបោកបក់ដល់ដីគោកជាលើកទី ២ នៅទីក្រុងភាគឦសាន Charleston នាព្រឹកថ្ងៃព្រហស្បតិ៍ ស្របពេលវានាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេររដ្ឋ South Carolina និងរដ្ឋ North Carolina ធ្វើឲ្យកើតមានក្តីកង្វល់កាន់តែខ្លាំងពីគ្រោះទឹកជំនន់ដ៏គំហក់ នៅតាមតំបន់រងការលិចលង់ស្រាប់ ដោយសារប្រព័ន្ធអាកាសធាតុសំពាធទាប ។
មន្ទីរព្យុះសង្ឃរាជាតិ បានរាយការណ៍ថា ព្យុះ Debby អាចនាំមកជាមួយទឹកភ្លៀងកម្ពស់ ៧សង់ទីម៉ែត្រ នៅតំបន់ភាគខាងកើតរដ្ឋ South Carolina ហើយនៅតំបន់ខ្លះទៀត ទឹកភ្លៀងអាចនឹងកើនឡើងដល់កម្ពស់ ៦៤សង់ទីម៉ែត្រ ។
លោក Rich Bann គឺជាអ្នកឧតុនិយមមកពីសេវាកម្មឧតុនិយមជាតិ និយាយថា ស្របពេលដែលព្យុះ Debby នាំទឹកភ្លៀងតិចជាងកាលពីរយៈពេល ១ថ្ងៃមុន វាអាចនឹងនាំទឹកភ្លៀងច្រើនម្តងទៀតនៅថ្ងៃនេះ ៕