ក្រុមមន្រ្តី និយាយថា ប្រទេសកោះស៊ីប ស្ថិតក្នុងសមុទ្រមេឌីទែរ៉ាណេ បានត្រៀមខ្លួនរួចរាល់ក្នុងជួយជម្លៀសពលរដ្ឋអឺរ៉ុប និងពលរដ្ឋប្រទេសទី ៣ បើសិនជាជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែជ្រៅទៅ ។
ស៊ីបដែលជារដ្ឋនៅភាគខាងកើតបំផុតរបស់សហភាពអឺរ៉ុប បានក្លាយជាទីជម្រកអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ សម្រាប់មនុស្សរាប់ម៉ឺននាក់ ដែលរត់គេចចេញពីសង្រ្គាម នៅក្នុងតំបន់មិនឋិតថេរមួយនេះ ។
ការតតាំងរបស់អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ និងក្រុមចលនាអ៊ីស្លាមហេសប៊ូឡាលីបង់ បានបញ្ឆេះក្តីបារម្ភពីជម្លោះតាមព្រំដែន នៅក្នុងតំបន់ដែលញាំញីរួចទៅហើយដោយសារសង្រ្គាមរយៈពេល ១០ខែរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Yiannis Antoniou គឺជាអ្នកនាំពាក្យរដ្ឋាភិបាលស៊ីប និយាយថា ក្នុងករណីដែលប្រទេសស៊ីប ត្រូវបានស្នើសុំឲ្យជួយប្រទេសដទៃ ដែលត្រូវការជម្លៀសជនជាតិរបស់ពួកគេចេញពីតំបន់ជួបវិបត្តិទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ប្រទេសកោះមួយនេះ ស្ថិតនៅលើទីតាំងមួយដើម្បីទទួលពួកគេសម្រាប់រយៈពេលប៉ុន្មានថ្ងៃ រហូតដល់ពួកគេត្រូវបានធ្វើមាតុភូមិនិវត្តន៍ ។
លោក Antoniou និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសជិត ១០ បានធ្វើការសាកសួរពីគម្រោងការនេះ ប៉ុន្តែនៅពុំទាន់មានសំណើរផ្លូវការជាក់លាក់ណាមួយនោះទេ ។
លោកបន្តថា បើសិនជាផែនការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំ កើតឡើងពិតមែននោះ វានឹងក្លាយជាការជម្លៀសតាមផ្លូវអាកាស ៕