ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់ហ្កាហ្សា ត្រូវបានគេនិយាយប្រាប់ឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេម្តងទៀត នៅតំបន់ភាគខាងកើតទីក្រុង Khan Younis ហើយនិងណែនាំឲ្យពួកគេធ្វើដំណើរទៅកាន់តំបន់ភាគខាងលិចទីក្រុង ។
ភាគច្រើននៃពួកគេ ចំណាយពេលពេញមួយយប់ដេកតាមចិញ្ចើមផ្លូវដោយគ្មានកន្លែងណាមានសុវត្ថិភាពត្រូវទៅនោះទេ ។
អ្នកស្រី Ghosoun Abu Zor គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា គ្មានកន្លែងសុវត្ថិភាពនោះទេ ។ ខ្ញុំប្រាប់អ្នកថា ពួកយើងមិនអាចស្វែងរកកន្លែងស្នាក់នៅបានទេ ពួកយើងត្រូវគេក្រវាត់ចោលនៅតាមផ្លូវ ។
ចំណែកឯស្រ្តីវ័យចំណាស់ប៉ាឡេស្ទីនម្នាក់ដែលមិនចង់បញ្ចេញឈ្មោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងស្លាប់ល្អជាង ពួកយើងបានស្លាប់ ស្លាប់ហើយ ពួកយើងបានស្លាប់ ១០០ដងហើយ ពួកយើងបានស្លាប់អស់ហើយ ។
ក្រុមគ្រូពេទ្យប៉ាឡេស្ទីននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមច្រកអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅក្នុងសង្រ្គាមបន្តជាមួយក្រុមហាម៉ាស់ ស្របពេលដែលពួកគេប្រឈមនឹងសង្រ្គាមធំជាងនេះ នៅក្នុងតំបន់ ។
យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងនៅកណ្តាលទីក្រុងហ្កាហ្សា ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៥នាក់ ស្របពេលដែលការវាយប្រហារតាមច្រកអាកាសនៅទីក្រុងភាគខាងត្បូង Khan Younis សម្លាប់មនុស្សម្នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ៕