បាល់ទាត់៖ ការប្រកួតជំរុះ World Cup ២០២២ តំបន់អាស៊ីជុំទី៣ បានឈានដល់ប្រកួតទីពីរហើយនៅក្នុងពូល។ ទស្សនាការប្រកួតក្នុងពូល B ក្រុមដែលបង្ហាញខ្លួនដំបូងនៅវគ្គនេះ វៀតណាមបើកទ្វារផ្ទះទីក្រុងហាណូយទទួលស្វាគមន៍អូស្ត្រាលី។

អូស្ត្រាលីដែលបានយកឈ្នះចិននៅប្រកួតទីមួយ ៣-០ នោះក៏បានបន្តរកបាន ៣ពិន្ទុទៀតដោយមួយគ្រាប់ជ័យជំនះរបស់ Rhyan Bert Grant នៅនាទីទី៤៣ គ្រប់គ្រាន់ល្មមសំរាប់អូស្ត្រាលីទទួលបាន ៣ពិន្ទុជាលើកទី២ ស្របពេលវៀតណាមនៅតែបន្តចាញ់ទាំង ២ប្រកួតរបស់ខ្លួនដែលរួមមានចាញ់អារ៉ាប៊ីសាអ៊ូឌីត ៣-១ នៅប្រកួតដំបូង។ ងាកមកជប៉ុនដែលចាញ់អូម៉ង់ក្នុងទឹកដីខ្លួនឯងសប្តាហ៍មុននោះ ទីបំផុតរកបាន ៣ពិន្ទុដំបូងរបស់ខ្លួនផងដែរក្រោយយកឈ្នះចិន ១-០ ដោយគ្រាប់បាល់ជ័យជំនះសំរេចបានដោយ Yuya Osako នៅនាទីទី៤០។

ចំណែកអារ៉ាប៊ីសាអ៊ូឌីតបានបន្តរកបាន ៣ពិន្ទុជាលើកទី២ បន្ទាប់ពីយកឈ្នះ ១-០ នៅទឹកដីអូម៉ង់ដោយគ្រាប់បាល់ជ័យជំនះរបស់ Saleh Khaled Al-Shehri នៅនាទីទី៤២។ ក្រោយលេងបាន ២ប្រកួតក្នុងជុំទី៣ នៅក្នុងពូល B នេះ អូស្ត្រាលីឈរលើគេមាន ៦ពិន្ទុពេដូចគ្នានឹងអារ៉ាប៊ីសាអ៊ូឌីតឈរលេខ២ ខណៈលេខ៣ ជប៉ុន លេខ៤ អូម៉ង់មាន ៣ពិន្ទូដូចគ្នា, វៀតណាម និងចិនចាញ់ទាំងពីរប្រកួតមាន ០ពិន្ទុ។ ប្រកួតបន្ទាប់ក្នុងពូល B នេះ អូស្ត្រាលីជួបអូម៉ង់ អារ៉ាប៊ីសាអ៊ូឌីតជួបជប៉ុន និងចិនជួបវៀតណាមនៅថ្ងៃទី៧ ខែតុលា៕
អត្ថបទ៖នាង សុភាវុធ