អាទិភាពចម្បងរបស់រដ្ឋាភិបាលចាំផ្ទះបង់ក្លាដែស គឺការធ្វើឲ្យប្រសើរឡើងនូវច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសដែលហែកហួរដោយជម្លោះ ដោយការស្ដារឡើងវិញនូវសីលធម៌របស់ភ្នាក់ងារអនុវត្តច្បាប់។ នេះបើតាមទីប្រឹក្សាក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មីរបស់ប្រទេសនេះ ដែលបានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី៩ ខែសីហា) នេះ។
ឧត្តមសេនីយ៍ត្រីចូលនិវត្តន៍ លោក M. Sakhawat Hossain បាននិយាយថា រដ្ឋបាលមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីរបាយការណ៍នៃការបំផ្លិចបំផ្លាញ និងការវាយប្រហារលើជនជាតិភាគតិច ដោយលោកបន្ថែមថា មួយចំនួន គឺ «បំផ្លើសបន្តិច»។ លោកបានប្រាប់ថា៖ «មែនហើយ! មានបញ្ហា ដោយសារភ្នាក់ងារអនុវត្តច្បាប់មិនមាន។ ពួកគេត្រូវតែទទួលបានទំនុកចិត្ត ដើម្បីឲ្យពួកគេអាចត្រឡប់មកដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពវិញ»។
គួរបញ្ជាក់ថា នគរបាលនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានប្រជាជន ១៧០លាននាក់ បានជួបនឹងភាពច្របូកច្របល់ គិតចាប់តាំងពីមេដឹកនាំគ្រប់គ្រងប្រទេសដ៏យូរអង្វែង គឺលោកស្រី Sheikh Hasina បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ ហើយបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានរលកនៃការតវ៉ាដឹកនាំដោយនិស្សិតដែលប្រែក្លាយទៅជាអំពើហិង្សា និងបានអំពាវនាវឲ្យទម្លាក់លោកស្រីចេញពីតំណែង។
មានអ្នកស្លាប់ប្រហែល ៣០០នាក់ ហើយរាប់ពាន់នាក់បានរងរបួស ចាប់តាំងពីការតវ៉ា និងការប៉ះទង្គិចគ្នា បានឡើងកម្ដៅខ្លាំងទៅៗ នៅក្នុងខែកក្កដា ហើយកងកម្លាំងសន្តិសុខ បានប្រឹងប្រែងទប់ស្កាត់ភាពចលាចល៕