យោធារុស្ស៊ី និយាយថា ពួកគេបន្តរុញច្រានការវាយលុកឆ្លងកាត់ព្រំដែនរបស់ទាហានអ៊ុយក្រែន ចូលទៅក្នុងតំបន់ភាគខាងលិច Kursk ដែលជាការវាយប្រហារដ៏គួរភ្ញាក់ផ្អើលមួយ បច្ចុប្បន្នចូលដល់ថ្ងៃទី ៤ហើយ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែន បាត់បង់ទាហានរបស់ខ្លួនជាង ២៨០ពាន់នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺជាអំណះអំណាងមួយមិនត្រូវបានគេបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ។
សេចក្តីរាយការណ៍ លើកឡើងថា ទាហានអ៊ុយក្រែនប្រតិបត្តិការសឹកនៅចម្ងាយជាង ១០គ.ម នៅក្នុងទឹកដីរុស្ស៊ី ដែលជាការរុលចូលឆ្លងកាត់ព្រំដែនជ្រៅបំផុត ដោយទីក្រុងគីវ ចាប់តាំងពីទីក្រុងម៉ូស្គូ បើកការវាយប្រហារទ្រង់ទ្រាយពេញលេញរបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
អ៊ុយក្រែន ពុំបានទទួលស្គាល់ដោយបើកចំហរនោះចំពោះការវាយលុកនេះឡើយ ប៉ុន្តែលោកប្រធានាធិបតី Volodymyr Zelensky និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងម៉ូស្គូ ត្រូវតែយល់ពីផលវិបាកសម្រាប់ការវាយលុករបស់ពួកគេ ។
ដោយឡែក យោធាអ៊ុយក្រែន និយាយថា ពួកគេបានវាយប្រហារលើមូលដ្ឋានអាកាសនៅក្នុងទឹកដីរុស្ស៊ី ដោយបានបំផ្លិចបំផ្លាញឃ្លាំងស្តុកគ្រាប់បែកតម្រង់គោលដៅ ។
នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ុយក្រែន រាយការណ៍ពីការឆាបឆេះទ្រង់ទ្រាយធំ និងការបំផ្ទុះគ្រាប់ជាច្រើនកន្លែងនៅមូលដ្ឋានទ័ពអាកាស Lipetsk ដែលមានចម្ងាយជាង ៣៥០គ.មពីព្រំដែនអ៊ុយក្រែន ក្រោយការវាយប្រហារនៅពេលយប់ ៕